ប៉ាគីស្ថាន៖មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត និង មនុស្សជាង១២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកដៃមួយគ្រាប់នៅជិតព្រះវិហារអ៊ីស្លាមមួយកន្លែងនៅក្នុងទីក្រុងការ៉ាជីនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។
មន្ត្រីប៉ូលិសក្នុងទីក្រុងការ៉ាជីបាននិយាយថា នៅក្នុងអ្នករងរបួសទាំងនោះគឺមានស្ត្រីចំនួន៤នាក់ និងកូនក្មេងចំនួន៣នាក់នៅពេលពួកគេកំពុងធ្វើដំណើរទៅកាន់ព្រះវិហារអ៊ីស្លាមដ៏សំខាន់មួយកន្លែងស្ថិតនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតមួយនៅក្នុងទីក្រុងនេះ។
ទោះជាយ៉ាងណាមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែកន្លងមកក្រុមឡាសគើអេចាងវី (Lashker e Jhangvi) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបែបមួយចំនួនទៅលើក្រុមពលរដ្ឋមូស្លីមនិកាយស៊ីអ៊ីតនៅប្រទេសប៉ាគីស្ថាន៕