ខេត្តសៀមរាប៖មេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែនជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ត្រូវបានកម្លាំងការិយាល័យកណ្ដាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននៅព្រលានយន្ដហោះខេត្តសៀមរាប នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមេខ្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវេណេហ្ស៊ុយអេឡា និងដកហូតបានថ្នាំញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ (Sao Paulo) ប្រទេសប្រេស៊ីល តាមជើងហោះហើរ EK ៣៧៤ Emirates ឆ្លងកាត់ប្រទេសឌូបៃ ប្រទេសអារ៉ាប់រួម (DUBAI AE) មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ ក្រុងបាងកក និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប តាមជើងហោះហើរលេខ PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕