រាជធានីភ្នំពេញ៖អាចថាជារឿងដែលហួសចិត្តបំផុត ខណៈដែលជនជាតិខ្មែរ២នាក់បានប្រកាសផ្តាច់ជីវិតខ្លួនឯង ព្រោះតែរឿងនយោបាយដែលគេគិតថា ការធ្វើបែបនោះគឺជារឿងឆោតល្ងង់បំផុតផងដែរ។
ថ្មីៗ នេះ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អតីតមន្ត្រីជាន់ខ្ពស់ CNRP រួមទាំងមនុស្សម្នាក់ទៀតដែលបានលេចឈ្មោះក្នុងបណ្តាញហ្វេសប៊ុកថា ស៊ន តារា ( Sorn dara ) បានថ្លែងនូវការអះអាងផ្ទុយគ្នាអំពីលទ្ធផលបោះឆ្នោតនាពេលខាងមុខ ( ២០១៧-២០១៨ ) ទាក់ទងគណបក្សសង្គ្រោះជាតិ ។
លោក ម៉ម សូណង់ដូ បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតលោកនឹងយកសាំងមកស្រោចលើខ្លួនប្រាណ ហើយដុតខ្លួនធ្វើអត្តឃាត ។ ចំណែកលោក ស៊ន តារា បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតលោកនឹងកាត់ក្បាលលោកយកមកព្យូរនៅក្លោងទ្វារសភា ។
ក្រុមអ្នកវិភាគនយោបាយបានហៅការថ្លែងអះអាងរបស់អ្នកទាំងពីរ គឺជារឿងឆោតល្ងង់បំផុត ហើយមិនគួរឲ្យគំនិតធន់អន់បែបនោះស្ថិតនៅក្នុងខួរក្បាលរបស់លោកទាំង២នាក់រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូបនោះទេ ។
អ្នកវិភាគនយោបាយបានលើកឡើងថា បញ្ហានយោបាយគឺជារឿងនយោបាយ ហើយការឈ្នះចាញ់របស់គណបក្សនយោបាយមិនមែនជារឿងដោយឡែករបស់បុគ្គលម្នាក់ៗ នោះទេ ព្រោះសន្លឹកឆ្នោតស្ថិតក្នុងដៃប្រជាពលរដ្ឋ ។ ទន្ទឹមនោះជនជាតិខ្មែរគ្រប់រូបមិនត្រូវយកជីវិតទៅប្តូរនឹងអ្នកនយោបាយនោះទេ ប៉ុន្តែបញ្ហាជាតិ បញ្ហាទឹកដីឯណោះទេ ដែលម្នាក់ៗ ត្រូវតែប្តូរជីវិត ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានទស្សន៍ទាយរួចទៅហើយថា គណបក្សសង្គ្រោះជាតិ មិនអាចឈ្នះឆ្នោតនាអាណត្តិនេះឬអាណត្តិក្រោយៗ ទៀតនោះទេ ។ ហេតុនិយាយដូច្នេះ ព្រោះថា កាលៈទេសៈនេះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ កំពុងតែដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនទាន់ទាំងបានចប់សព្វគ្រប់ផង តើមានឱកាសឯណា ដើម្បីធ្វើសកម្មភាពនយោបាយ ឬ ក៏អួតអាងបានអំពីលទ្ធផលឈ្នះជាមុននោះ ។ ទន្ទឹមនោះសម្លេងគាំទ្រគណបក្សសង្គ្រោះជាតិពេលនេះ កំពុងត្រូវបានគេមើលឃើញថា មានការបែកបាក់និងដកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ យ៉ាងគំហុកទៅចូលរួមជាមួយគណបក្សអ្នកប្រជាធិបតេយ្យ ដែលទើបបង្កើតថ្មី ។
អ្នកវិភាគនយោបាយបានអះអាងថា គណបក្សសង្គ្រោះជាតិនឹងថយសម្លេងគាំទ្រនាអាណត្តិក្រោយនេះ ហើយកុំនិយាយពីរឿងឈ្នះ ។ ប៉ុន្តែជនជាតិខ្មែរគ្រប់រូបក៏មិនត្រូវលេងល្បែងភ្នាល់ដាក់ជីវិត នឹងរឿងនយោបាយនោះដែរ ព្រោះវាជារឿងគ្រោះថ្នាក់បំផុត សម្រាប់នយោបាយនៅស្រុកខ្មែរ ហើយគ្រប់ជំនាន់អ្នកនយោបាយតែងតែធ្វើដូច្នេះ គ្មានអ្នកណាផ្សេងអាចទស្សន៍ទាយឬគិតត្រូវបាននោះទេ ។
អញ្ចឹងកុំយកក្បាលទៅជ្រលនឹងអន្ទាក់នយោបាយស្រុកខ្មែរ ព្រោះវានឹងងាប់អត់ប្រយោជន៍ ៕