អ្នកកាសែត​ក្នុងស្រុុកពិភាក្សា​ការ បង្កើត​សហជីព​ដើម្បី​ជួយ​តវ៉ា​ប្រាក់ ខែ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

ភ្នំពេញ​៖ កិច្ចពិភាក្សា​អំពី​ការ​ប្រឈម​របស់​អ្នកកាសែត​កម្ពុជា​នៅ​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ នេះ និពន្ធ​នាយក ការី​និពន្ធ និង​តំណាង​ស្ថាប័ន​សារ​ព័ត៌មាន និង​ទូរទស្សន៍​ប្រមាណ ៧០​នាក់ បាន​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​ប្រឈម​របស់​អ្នកកាសែត​កម្ពុជា លើ​បញ្ហា​ផ្សាយ​ព័ត៌មាន និង​ការរកចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម​។​

តំណាង​អង្គភាព​សារព័ត៌មាន​មួយចំនួន​បាន​លើកឡើងថា ការលំបាក​បច្ចុប្បន្នរ​បស់​អ្នកកាសែត​កម្ពុជា គឺ​ស្ថានភាព​សីលធម៌​អ្នកកាសែត​កម្ពុជា កំពុង​ធ្លាក់ចុះ របៀប​ធ្វើ​ការងារ​ចាស់​មិន​ផ្លាស់ប្ដូរ​ឲ្យ​ទាន់សម័យ ជឿនលឿន ការបណ្តុះបណ្តាល​មាន​តិចតួច មានការ​គាបសង្កត់​ពី​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​មកលើ​អ្នកកាសែត​មិន​ឲ្យ​សរសេរ​ការពិត​អំពី​ខ្លួន​។

លើសពីនេះ អ្នកកាសែត​មាន​ប្រាក់បៀវត្សរ៍​ទាប មាន​ការលួចចម្លង​អត្ថបទ​ដោយ​សេរី គ្មាន​ការខ្លាច​ញញើត ការរីកចម្រើន​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌី​ហ្សី​តា​ល់ (Digital) ធ្វើ​ឲ្យ​មានការ​ប្រណាំងប្រជែង​ខ្លាំង​ជាដើម​។​

បញ្ហា​ប្រាក់បៀវត្សរ៍​ទាប ប៉ះពាល់​ជាខ្លាំង​ដល់​ជីវភាព និង​ការបំពេញ​ការងារ​រប​ស់​អ្នកកាសែត​។ ដូច្នេះ ពួកគេ​រួមគ្នា​ចង់​បង្កើត​សហជីព​សារព័ត៌មាន​មួយ ដើម្បី​ជួយ​តវ៉ា​រឿង​ប្រាក់ខែ​ឲ្យ​អ្នកកាសែត​បាន​ចំណូល​គ្រប់គ្រាន់ ចិញ្ចឹមជីវិត និង​បំពេញការងារ​បានល្អ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​។​

​លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ចូលរួម​ជា​អធិបតី បាន​គាំទ្រ​អ្នកកាសែត​ក្នុងការ​បង្កើត​សហជីព​តវ៉ា​ឡើង​ប្រាក់ខែ លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​សន្យា​ប្រមូលយក​ការលំបាក ដែល​វេទិកា​និពន្ធ​នាយក​លើក​ទី​១១ លើកឡើង យកទៅដាក់​ក្នុង​របាយការណ៍​ក្រសួង​ព័ត៌មាន ជា​ផ្លូវការ ដើម្បី​ក្រសួង​ជួយ​រក​វិធី​ដោះស្រាយ​ការលំបាក​របស់​អ្នកកាសែត​៕