ដេញប្លន់យក​​ម៉ូតូ​នៅសង្កាត់​ទួលសង្កែ​យប់មិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​២​នាក់​ត្រូវ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​ដេញតាម​ប្លន់​ពីក្រោយ ស្រាប់តែ​ភ័យ​ពេក​បាន​ដួល​ម៉ូតូ ក៏ត្រូវ​ជនល្មើស​ជិះ​យកទៅ​បាត់​។ ហេតុការណ៍​នេះ​កើតឡើង​នា​ម៉ោង​១ និង​១០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ម្នាក់​ឈ្មោះ យូ​ហាន ស្នាក់នៅ​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់ថា មុន​កើតហេតុ គឺ​រូបគេ និង​មិត្តភក្តិ​ម្នាក់ទៀត មកពី​ផឹកស៊ី ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដែល​ត្រូវ​ក្រុមចោរ​ដេញ​ប្លន់ យកទៅ​បាត់​នោះ មកពី​ម្តុំ​ទួល​សង្កែ​។​
​ជនរងគ្រោះ​បាន​បន្តទៀតថា ស្រាប់តែ​ខ្លួន និង​មិត្តភក្តិ​កំពុងតែ​ជិះ​លើផ្លូវ​លេខ​៥៩៨ ក្នុង​គោលបំណង​ទៅផ្ទះ នៅឯ​ព្រែក​ព្នៅ​នោះ ក៏មាន​ជនល្មើស​មួយក្រុម​ជិះ​ម៉ូតូ ពីរ​គ្រឿង​ម៉ាក Dream125 តាម​ពីក្រោយ​ឃើញ​ដូច​នោះ ជនរងគ្រោះ​ទាំងពីរ​ភ័យ​ពេក ខំប្រឹង​ជិះ​ម៉ូតូ​រត់​តែ​ជិះ​មក​ជិត ដល់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ បាន​ដួល​ម៉ូតូ​ក៏​ធ្វើ​ឲ្យ​ក្រុមចោរ​ដេញ​ប្លន់ ទាំងនោះ​បានមក​ទាន់ ហើយក៏​ដេញ​វាយ​ជនរងគ្រោះ​ទាំងពីរ រត់​ចែក​ជើង​គ្នា​ធ្វើ​ឲ្យ​ក្រុម​ប្លន់​លើកយក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ ទៅ​បាត់​ដោយ​សុវត្ថិភាព​។​
​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ទួល​សង្កែ ទាំង​សោកស្តាយ​ម៉ូតូ ដែល​ក្រុមចោរប្លន់​យកទៅ​៕

fn-2016-10-21-07-19-02-1fn-2016-10-21-07-19-02-2