ឃាត់ខ្លួន​៣​នាក់​រឿង​ឃាតកម្ម​យក​សព​ទម្លាក់​ក្នុង​ឡាយ​ទឹក​ផែនការ​របស់​ប្រពន្ធដើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

​ភ្នំ​ពេញ៖​នៅ​ថ្ងៃទី​២០​តុលា​ឆ្នាំ​២០១៦​ម្សិលមិញ​សមត្ថកិច្ច​បាន​ឈានដល់​ការ​បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នក បើកឡាន​ឈ្នួល​ម្នាក់​ទម្លាក់​ចូល​ប្រឡាយទឹក​កាលពីពេល​ថ្មីៗ​នេះ​ជា​ផែនការ​របស់​ប្រពន្ធដើម​នៃ​សព​ក្លាយជា​ឃាតករ​សម្លាប់​ប្តី​ព្រោះ​គំនុំ​ស្នេហ៍​ប្តី​មាន​ប្រពន្ធចុង​។​
​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​ប្រាកដ​មែន ក្នុង​សំណុំរឿង ឃាតកម្ម​វាយ​សម្លាប់​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្តឈ្នួល ហើយ​ដឹកយក​សាកសព​ទៅ​ទម្លាក់ចោល​នៅក្នុង​ទឹក​ប្រឡាយ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍ សែន​ជ័យ ត្រូវបាន​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ កន្លងមក ។​
​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ រកឃើញ​អត្តសញ្ញាណ សាច់ញាតិ និង​បន្ត​ស្រាវជ្រាវ​ទីបំផុត ការស្លាប់​របស់​បុរស​ខាងលើ​ជា​ផែនការ​រៀបចំ គ្រោងទុកជាមុន​របស់ ស្ត្រី​ជា​ប្រពន្ធដើម​ទាំងអស់ ជួល​ឃាតករ​សម្លាប់ ប្តី​របស់ខ្លួន​ចោល ហើយ​ត្រូវបាន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ វែកមុខ​រកឃើញ ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៦ ស្ថិតនៅ​ដី​វាល​ខាងក្រោយ សួន​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សាកសព​មានឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ឈ្មួ​ល ស្វាយរៀង​កំពង់ចាម ភ្នំពេញ រស់នៅ​ភូមិ​ត្រពាំង​ដំរី ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង ។ មាន​ប្រពន្ធ​ចំនួន​២​នាក់ ទី​១ ជា​ប្រពន្ធដើម​ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់ ស្រី​១​នាក់ រស់នៅក្នុង​បន្ទុកគ្រួសា​រ ។​
ទី​២ ជា​ប្រពន្ធចុង ឈ្មោះ ចាប សា​ម៉េ​ត អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចុង​ព្រែក ឃុំ​កំពង់​ព្រែក​ស្រុក​រមាសហែក មាន​ស្រុកកំណើត ភូមិ​តា​ហង់​ឃុំ​អណ្តូង​ពោធិ៍​ស្រុក​រមាសហែក ខេត្តស្វាយរៀង ។ ចំណែក​សម្ភារៈ​ពាក់ព័ន្ធ រថយន្ត​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-4728 និង ចិញ្ចៀនមាស​មួយ​វង់​ទម្ងន់​៥​ជី ។​
​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មនុស្ស​៣​នាក់ ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​ខាងលើ ហើយ​ឃាត់ខ្លួន​បាន ទី​១ ស្ត្រី​ជា​ប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ​៤៦​ឆ្នាំ ។ ទី​២ ឈ្មោះ សូរ ផា ហៅ​អ៊ួ​ក អាយុ​៣០​ឆ្នាំ មុខរបរ បើកបរ​រថយន្តឈ្នួល មាន​ទីលំនៅ​ក្បែរ​ខាង​គ្នា ជា​អ្នក​ប្រើល្បិច ជួល​រថយន្ត​ជិះ​ទៅខាង​ខេត្តសៀមរាប ហើយ​ជា​អ្នក​វាយ​សម្លាប់​ផ្ទាល់ដៃ ។ ទី​៣ ស្ត្រី​ម្នាក់ ម​៨​ន​ទាន់​ស្គាល់ឈ្មោះ គ្រាន់តែ​ដឹងថា ជា​សង្សារ របស់​ឈ្មោះ សូរ ផា ហៅ​អ៊ួ​ក ។​
​ប្រភព​បន្តទៀតថា ជនរងគ្រោះ​ក្រោយពី ជនដៃដល់ ឈ្មោះ​សូរ ផា ជួល​រថយន្ត ជិះ​ទៅខាង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា លុះ​ពេល​វិលត្រឡប់​មកវិញ ក្នុង​ថ្ងៃទី​១៣ ខែតុលា មកដល់​ក្នុង​ទឹកដី​ខេត្តកំពង់ធំ ឃាតករ ឈ្មោះ សូរ ផា ដែល​ត្រូវបាន ស្ត្រី​ជា​ប្រពន្ធដើម ឈ្មោះ សៅ សំអឿន ជួល​សម្លាប់​ប្តី​ក្នុងតម្លៃ​១០០០​ដុល្លារ នោះ បានធ្វើ​សកម្មភាព​វាយ ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ រួចហើយ ដឹក​សាកសព​តាម​រថយន្ត​ផ្សេង​មួយគ្រឿង​ទៀត ចូលមក​ទីក្រុង​ភ្នំពេញ ដើម្បី​យក​សាកសព ទៅ​ទម្លាក់ចោល​ក្នុង​ទឹក​ប្រឡាយ ត្រង់ចំណុច​ខាងលើ ហើយ​គេចខ្លួនបាត់ ។​
​លុះ​រហូតដល់ ព្រឹក​ថ្ងៃទី​១៤ ខែតុលា សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ហើប​អណ្តែត​ផុតពី​ទឹក សមត្ថកិច្ច​ពិនិត្យ​និង​កោសល្យវិច័យ ហើយ​ធ្វើការ​ស្រាវជ្រាវ រហូតដល់ ព្រលប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦​ត្រូវបាន លេចមុខ ប្រពន្ធដើម ប្រពន្ធចុង របស់​ជនរងគ្រោះ មកដល់​ប៉ុស្តិ៍​ចោមចៅ សាកសួរ ដំណើររឿង​អង្គហេតុ កម្លាំង​ជំនាញ ទាំង​នគរបាល ទាំង​កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ​។​លុះដល់ ថ្ងៃទី​១៨ ខែតុលា រថយន្ត​សាំ​យ៉ុង របស់​ជនរងគ្រោះ​បើកបរ​នោះ​ត្រូវបាន ជន​មិន​ស្គាល់មុខ យកទៅ​ផ្លុ​ង​ចោល នៅឯ​ស្រុក​រមាសហែក ក្បែរ​ផ្ទះ​ជនរងគ្រោះ​វិញ ។​
​ប្រភព​បន្តទៀតថា​ទោះជា​យ៉ាងណាក៏ដោយ កម្លាំង​ជំនាញ បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ សំណុំរឿង​ឃាតកម្ម​ខាងលើ ទីបំផុត ឈានទៅដល់ កម្លាំង​អាវុធហត្ថ​ក្រុងភ្នំពេញ​វែកមុខ​រកឃើញ ឃាតករ​និង​អ្នក​ជួល​សម្លាប់ ឃាត់ខ្លួន​មនុស្ស​៣​នាក់ កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​នេះហើយ ។​
​បច្ចុប្បន្ន ឃាតករ និង​ជន​ពាក់ព័ន្ធ សរុបគ្នា​៣​នាក់ ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ អាវុធហត្ថ​ក្រុងភ្នំពេញ ដើម្បី​សាកសួរ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

14808063_1779659365605959_860078275_o14800669_1779659405605955_838041655_n14793664_1779659388939290_912651514_n14798980_1779659378939291_2047688788_n