ប្រពន្ធ​លោក ឈូក បណ្ឌិត ត្រូវ​ចោរ​បើកទ្វារ​ឡាន​យក​កាបូប​លុយ​ទាំងព្រឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​ដោយ​៖​បញា​
​រាជធានី​ភ្នំពេញ​៖​ប្រពន្ធ​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយក្រុង​បាវិត ត្រូវ​ក្រុមចោរ​មួយក្រុម​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​វីឡា​របស់​ស្ត្រី​រងគ្រោះ​ស្ថិតក្នុង​ក្រុម​៦ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ិត ចាន់ណា អាយុ​ប្រហែល​៣៦​ឆ្នាំ ជា​ប្រពន្ធ​របស់​អតីត​ចៅហ្វាយក្រុង​បាវិត លោក ឈូក បណ្ឌិត ស្នាក់នៅ​ភូមិ​កើតហេតុ​។​
​ប្រភពពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ទើប​មកពី​មន្ទីរពេទ្យ ពេលមកដល់​មុខផ្ទះ​ហើយ​ប្អូន​បាន​ទៅ​បើកទ្វារ​ផ្ទះ​តែ​រុញ​ទ្វារ​មិន​រួច គាត់​ក៏​ចុះទៅ​ជួយ​រុញ​ដោយបាន​បិទទ្វារ​ឡាន​ត្រឹមត្រូវ តែ​ពេល​រុញ​ទ្វារ​រួច​ត្រឡប់មក​ឡាន​វិញ​ស្រាប់តែ​ឃើញ​ឡាន​ចំហ​ទ្វារ ហើយ​ឃើញ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​១​គ្រឿង​ចេញទៅ​បាត់ ។​
​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​កាបូប​មាន​គ្រឿងអលង្ការ និង​ប្រាក់​សរុប​ប្រមាណ​ជាង​២​ពាន់​ដុល្លារ​អា​មេ​រិក លិខិតឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ ព្រមទាំង​ឯកសារ​មួយចំនួន​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​រងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ​ដែរ តែ​ស្ត្រី​រងគ្រោះ​ថា គាត់​មក​ដាក់ពាក្យ​បណ្ដឹង​នេះ​គឺ​គ្រាន់តែ​ដើម្បី​មាន​ពាក្យបណ្ដឹង​ដើម្បី​យកទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ប៉ុណ្ណោះ ។​
​ក្រោយ​ពេលដែល​ស្រី្ត​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​រួចហើយ​សមត្ថកិច្ច​ហាក់បីដូចជា​មានការ​លា​ក់បាំង​ព័ត៌មាន ព្រោះថា​ជា​រឿង​តូចតាច​៕

14954492_1786379171600645_1859211535_o14915086_1786379174933978_1365827371_n