សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គជប បើកសវនាការ​នៅ​ថ្ងៃទី​២៣​វិច្ឆិកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តុលាការ​កំពូល​នឹង​បើកសវនាការ​សំណុំរឿង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មួយរូប​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា​ខាងមុខនេះ​។​
​សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ឈួន ចាន់ថា ជា​តំណាង​មហាអយ្យការ ។ កម្មវត្ថុ​នៃ​សវនាការ​នេះ​គឺ បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​មន្ត្រី​អាដហុក​៤​រូប​និង​មន្ត្រី​គជប ជាប់ចោទ​ពីបទ​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ដល់​អ្នកនាង ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដើម្បី​កុំ​ឲ្យ​អ្នកនាង​និយាយ​ការពិត​ប្រាប់​សមត្ថកិច្ច​ចំពោះ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​
​ជនជាប់ចោទ​ទាំងអស់នេះ​រួមមាន​៖​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់​ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់​សមាគម​អាដហុក ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង ចោទ​ពីបទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។
​ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺ​ន សាលី ជាម​ន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផងដែរ​។ បទល្មើស​សូកប៉ាន់​សាក្សី កំណត់​ការផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​៕

fn-2016-11-10-13-47-34-0