ហង្ស ជូន​ណា​រ៉ុ​ន​៖ និ​ស្សិ​តកម្រិត​ឧ​ត្ត​មសិ​ក្សា ជ្រើសរើស​មុខជំនាញ​ខុស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង្ស ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុវជន​ទាំងអស់ របស់​កម្ពុជា មិនបាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​វិជ្ជាជីវៈ មុន​ចេញទៅ​ធ្វើការ យុវជន​ភាគច្រើន​ធ្វើ​ការងារ ដែលមាន​កម្រៃ​កម្លាំង​ពលកម្ម​ទាប នៅក្នុង​វិស័យ​កសិកម្ម និង​សហគ្រាស​ខ្នាតតូច ហើយ​កម្លាំង​ពលកម្ម​វ័យក្មេង ប្រមាណ​ជាង​៩០​ភាគរយ មិនបាន​បញ្ចប់​កម្រិត​ធ​ម្យ​មសិ​ក្សា ។ លោក​បន្តថា សិស្ស​ដែលមាន​លទ្ធភាព​បន្ត​ការសិក្សា ក្នុង​កម្រិត​មធ្យមសិក្សា ក៏​មិន​ទទួលបាន​នូវ​ផលប្រយោជន៍​ធំដុំ​អ្វី​ទេ ដោយសារតែ​គុណភាព​អប់រំ នៅមានកម្រិត​ទាប​។​
​លោក​រដ្ឋមន្ត្រី​លើកឡើង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី យុវជន និង​សហគ្រិនភាព មាគ៌ា​ដ៏​ត្រឹមត្រូវ​ឆ្ពោះទៅរក​អាជីព នាពេល​អនាគត ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ចិកា ឆ្នាំ​២០១៦ម្សិលមិញ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។​
​លោក ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា ចំណែកឯ​និស្សិត​ដែលមាន​ឱកាស បន្ត​ការសិក្សា​នៅ​ឧ​ត្ត​មសិ​ក្សា ភាគច្រើន​ជ្រើសរើស មុខជំនាញ ផ្នែក​វិទ្យាសាស្ត្រ​សង្គម ក្នុងពេលដែល​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ត្រូវការ​អ្នកជំនាញ​ផ្នែក​វិស្វករ កម្មករ​ជំនាញ និង​ភាពជា​សហគ្រិន ដូច្នេះ​ពួកគេ​នៅមាន​ភាពលំបាក ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ដោយសារតែ​ជំនាញ​ដែល​ពួកគេ​រៀន មិនត្រូវ​តាម​តម្រូវការ​ទីផ្សារការងារ​។​
​លោក ហង្ស ជួនណា​រ៉ុ​ន ក៏បាន​ជម្រុញ​ឲ្យ​និស្សិត​ទាំងអស់ សិក្សា​ជំនាញ​ភាពជា​សហគ្រិន ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារការងារ និង​ដើម្បី​ចូលរួម​ជម្រុញ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​។ លោក​បន្តថា និន្នាការ​យុវជន​កម្ពុជា​របស់​យើង ជា​សហគ្រិន​មាន​ច្រើន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​មួយឆ្នាំ ជម្រុញ​ឲ្យ​យុវជន​ចំនួន​០២​ភាគរយ ក្នុងចំណោម​យុវជន​សរុប ក្លាយខ្លួនជា​សហគ្រិន ដើម្បី​បង្កើត​ការងារ និង​បង្កើត​ក្រុមហ៊ុន៕

9ba22f70c5e858ca3bdaefa45a874df0_l