​បិទ​គ្លីនិក​ដឺ​បូ​តេ​បន្ទាប់ពី​វះកាត់​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គ្លីនិក​ដឺ​បូ​តេ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​រួម​និង​អាជ្ញាធរ​មូលដ្ឋាន​សម្រេច បិទ​គ្លីនិក​ជា​ស្ថាពរ​បន្ទាប់ពី​គ្លីនិក​នេះ បានធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ខណៈ​កែ​សុដន់​(​ពង្រីក​ដើមទ្រូង ឲ្យ​ធំមូល​ស្អាត​)​ក្នុង​តំលៃ​៣០០០​ដុល្លារ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​ក្នង​មន្ទីរ​ព្យាបាល អាស៊ី​យូ ផ្ទះ​លេខ​៥ ផ្លូវ​៤០២ សង្កាត់​ទំ​ន់ប​ទឹក ខណ្ឌចំការមន​។​
​ជនរងគ្រោះ​មានឈ្មោះ រស់ សុខ​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ទូរទស្សន៍ ស្នាក់នៅ ភូមិ​ក្រចេះ ស្រុក​ក្រចេះ ខេត្តក្រចេះ មាន​ប្តី​ឈ្មោះ ផៃ វាសនា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មានកូន​៤​នាក់ ប្រុស​៣​នាក់​និង​ស្រី​ម្នាក់ ។​
​តាម​សម្តី​ប្តី​របស់​ស្ត្រី​រងគ្រោះ​រហូត​ស្លាប់​ដោយសារតែ​កែ​សុដន់​ឲ្យ​ធំ​ល្អ​នោះ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ប្រពន្ធ​របស់គាត់​បានឃើញ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​ផ្សព្វផ្សាយ​របស់​គ្លីនិក​យីហោ ដឺ​បូ​តេ ស្ថិតនៅ​ផ្លូវ​ចូល​បុរី​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដែលមាន​សេវា​កែ​សុដន់​ឲ្យ​ធំមូល​ក្អំ​ស្អាត ឃើញ​ដូចនេះ​ប្រពន្ធ​របស់គាត់​បាន​ឆាត​សួរ​តម្លៃ​និង បាន​ពិភាក្សាគ្នា​កាលពីមុន​ថ្ងៃបុណ្យ​អុំទូក​កន្លងមក​ថ្មី​នេះ ដោយ​ខាង​គ្លីនិក​យក​តម្លៃ​៣៥០០​ដុល្លារ តែ​ជនរងគ្រោះ​បាន​តថ្លៃ​ចុះ​ព្រមព្រៀងគ្នា​ត្រឹម​៣០០០​ដុល្លារ ។​
​ប្រភព​ដដែល​បន្តទៀត​ថា នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ រូបគាត់​បាន​ជូន​ប្រពន្ធ​របស់គាត់​ទៅ​វះកាត់​កែ​សុដន់​នៅ​គ្លីនិក​ឯកជន ដឺ​បូ​តេ ស្ថិតនៅ​ផ្លូវ​ចូល​បុរី​កាំ​កូ​ស៊ី​ធី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​វះកាត់​ក្នុងតម្លៃ​ព្រមព្រៀងគ្នា​៣០០០​ដុល្លារ លុះដល់​វះកាត់​រួច​បាន​រយះពេល​២​ថ្ងៃ​ស្រាប់តែ​ប្រពន្ធ​របស់គាត់​មាន​អា​ការៈឈឺ​ធ្ងន់ធ្ងរ​ទៅ ពេល​នោះដែរ​គ្រូពេទ្យ​បាន​ប្រាប់​អោយ​រូបលោក​យកប្រពន្ធ​ទៅ​ព្យាបាល​បន្តទៀត​នៅ​មន្ទីរ​ព្យាបាល អាស៊ី​យូ ដែល​ស្ថិត​នៅផ្ទះ​លេខ​៥ ផ្លូវ​៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ពេលនោះ​រូបគាត់​បាន​ដឹក​ប្រពន្ធ​របស់គាត់​តាម​រថយន្ត​ផ្ទាល់ខ្លួន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ព្យាបាល អាយ​ស៊ី​យូ បាន​រយះពេល​១​ថ្ងៃ​កន្លះ ស្រាប់តែ​ប្រពន្ធ​របស់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅៗ ដោយ​គ្រូពេទ្យ​ប្រាប់ថា​គ្មាន​សង្ឃឹម​នោះទេ ព្រោះ​ខាង​ពេទ្យ​ដឺ​បូ​តេ​បាន​ប្រើ​ថ្នាំ​លើស​កំរិត​ធ្វើអោយ​ស៊ី​សួត​ស៊ី​ថ្លើម​និង​តំរងនោម​អស់ហើយ​រហូតដល់​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ប្រពន្ធ​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។ បន្ទាប់ពី​ប្រពន្ធ​ស្លាប់​ភ្លាម​បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅប្រាប់​បងប្អូន​និង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះមក​ពិនិត្យ លុះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់ រួច​បាន​ទំនាក់​ទំ​នង់​ទៅដល់​ខាង​ជំនាញ​កោសល្យវិច័យ​អោយមក​ពិនិត្យ ។​
​ក្រោយពេល​កើតហេតុ ប្តី​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង អោយ​សមត្ថកិច្ច​និង​ក្រសួងសុខាភិបាល​ជួយ​រក​ភាពយុត្តិធម៌​អោយ​ក្រុមគ្រួសារ​គាត់​ផង ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ។ ដោយឡែក​ជំនាញ​កោសល្យ​វិ​ច្ច័​យ​បន្ទាប់ពី​ពិនិត្យ​រួចហើយ​មិនទាន់បាន សន្និដ្ឋាន​ប្រាប់​ពី​មូល​ហេតុអ្វី​ពិតប្រាកដ​នៅឡើយ​ទេ ។​
​ទាក់ទិន​នឹង​ករណី​ខាងលើនេះ ខាង​មន្ទីរ​ព្យាបាល ដឺ​បូ​តេ មិនទាន់មាន​ការបកស្រាយ នេះ​ទេ គឺ​បាន​បិទទ្វារ​ជិតឈឹង បន្ទាប់ពី​ដឹងថា​ស្ត្រី​រងគ្រោះ​ធ្វើការ​វះកាត់​សុដន់​ហើយ​ស្លាប់ ។ សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​នឹង​ចុះទៅ​ធ្វើ ការពិនិត្យ​និង​សួរនាំ​នៅ​ទីនោះ៕

20161121_112900_00020161121_112824