រថយន្ត​ដឹក​សំរាម​ស៊ីន​ទ្រី​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់ របួស​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សិស្សសាលា​ម្នាក់​បាន​ខ្ទេច​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ឯ​ម្នាក់​របួស ខណៈ​កំពុង​ជិះ​ម៉ូតូ​សុខៗ​ត្រូវ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ីន​ទ្រី​បុក​ពីក្រោយ​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល និង​ជ្រុល​ទៅ​កិន​ពីលើ​តែម្តង ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ ម្តុំ​បុរី​កីឡា ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ រិ​ទ្ធ អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​បាក់​ទូក ស្នាក់នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ជា​អ្នកជិះ​ពីក្រោយ រីឯ​ម្នាក់ទៀត​ឈ្មោះ ពេជ្រ ប៊ុន​ឃាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ អ្នកបើកបរ​ម៉ូតូ មិនបាន​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស្កុប​ពី ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-3023 តាម​បណ្ដោយ​ផ្លូវ​លេខ​២១១ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ស៊ីន​ទ្រី​មក​បុក​ម៉ូតូ​ពីក្រោយ​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ពីមុខ​បណ្តាល​ឲ្យ​ដួល ហើយ​ភ្លាមនោះ​រថយន្ត​ស៊ីន​ទ្រី​ក៏​ជ្រុល​មក​កិន​ក្បាល​ជនរងគ្រោះ​ដែល​អង្គុយ​ខាងក្រោយ​បណ្ដាល​ឲ្យ​ខ្ទេច​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ដែរ​៕

f8f6f40a-d8b6-45b0-bbf9-bbdb84d7c93c699b1842-0b5e-4efe-a931-153423c9cbfae702a7ac-7bdc-46bb-89e4-5336cb5e4f1f