រាជធានីភ្នំពេញ៖ទីបំផុតតុលាការក្រុងភ្នំពេញ បានធ្វើការចោទប្រកាន់កូនប្រុសទំនើងរបស់លោកដុកទ័រមានជម្លោះជាមួយឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។ ការសម្រេចបែបនោះធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៦ នេះ ។ បន្ទាប់មកក៏បានបញ្ជូនកូនប្រុសរបស់លោកដុកទ័ររូបនោះ ទៅដាក់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីព្យាបាលជម្ងឺញៀនថ្នាំ(គ្រឿងញៀន)។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនយុវជនឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ មន្ត្រីអាវុធហត្ថបានធ្វើការពិនិត្យទឹកនោមនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកឃើញថាមានសារធាតុញៀន ។ ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនផងដែរ ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ ។
គួររម្លឺកថា រឿងក្តីកូនប្រុសលោកដុកទ័របានធ្វើឱ្យកក្រើកដល់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកដុកទ័របានបង្ហោះវីដេអូឃ្លីប ព្រមទាំងបង្ហាញពីទុក្ខវិយោគរបស់លោកដោយសារតែកូនជាទីស្រឡាញ់របស់លោក ត្រូវបានចាប់ខ្លួន និងខ្លួនឯងជាឪពុកបានគំរាមធ្វើអត្តឃាតផងដែរ ។ សម្រាប់សាធារណជន កាយវិការបស់លោកដុកទ័រនេះ មិនត្រូវបានទទួលការគាំទ្រនោះទេ ដោយសារតែរឿងរ៉ាវដែលបានកើតឡើង គឺផ្តើមចេញពីកូនប្រុសរបស់លោកជាជនទំនើបដែលព្រហើនកោងកាចគ្មានសុជីវធម៌ប៉ុណ្ណោះ ៕