ខេត្តកណ្តាល៖ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលលោក លឹម សុគន្ថា បានសម្រេចដោះលែងយុវជនដែលជ្រុលដៃវាយ បងប្រុសបង្កើតខ្លួនឯងស្លាប់ ដោយសារជួយរំដោះម្តាយពីដៃបងប្រុស កំពុងការកាប់ប្រហារម្តាយ ព្រោះជំងឺសសៃប្រសាទធ្វើទុក ដោយមិនធ្វើការចោទប្រកាន់នោះទេ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ។
យោងមាត្រា៣៥ នៃក្រមព្រហ្មទណ្ឌការការពារខ្លួន ជាលក្ខណៈចាំបាច់ បានន័យថា អ្នកណាក៏ដោយមានសិទ្ធិការពារខ្លួន ពីការឈ្លានពានមួយ ដែលមិនស្របច្បាប់ ដោយមិនគិតសមាមាតអាវុធ អាចការពារខ្លួនបាន ហើយបុគ្គលដែលស្លាប់ គឺគាត់យកកាំបិតកាប់ម្តាយរបស់គាត់ បើសិនជាមិនតបតទេ ម្តាយនឹងស្លាប់ ហើយករណីនេះ បើម្តាយរបួស បងស្លាប់ ប្អូនជាប់គុកវាទុក្ខសោកណាស់។
គួរបញ្ជាក់ថា បុរសមានជំងឺសសៃប្រសាទប្រចាំកាយ៤ឆ្នាំមកហើយ លុះពេលជំងឺធ្វើទុក បានទៅទាញកាំបិតបុ័ងតោ មកកញ្ច្រាំកាប់ម្តាយ បង្កើតកំពុងសំរាននៅលើគ្រែ បណ្តាលឲ្យរងរបួសធ្ងន់ ប្អូនប្រុសឃើញចូលទៅជួយម្តាយ យកដំបងទៅវាយបណ្តាលស្លាប់ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា បុរសសសៃប្រសាទឈ្មោះ ហួត ហេង អាយុ៤៩ ឆ្នាំ និងស្ត្រីរងគ្រោះជាម្តាយឈ្មោះ ឃី ញ៉ អាយុ៦៦ឆ្នាំ រីឯបុរសជាប្អូនឈ្មោះ ហ៊ួត សំតិច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ៕