រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះតំណាងមហាអយ្យការតុលាការកំពូលលោក ឈួន ចាន់ថា បង្គាប់ឲ្យមន្ត្រីពន្ធនាគារ បានបញ្ជូនមន្ត្រីអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបមកតុលាការកំពូល ដើម្បីបើកសវនាការជំនុំជម្រះ។
មន្ត្រីអាដហុក៤រូប និងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា។ ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
គួរបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ។ កម្មវត្ថុនៃសវនាការនេះគឺបណ្តឹងសុំមោឃភាព នីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ៕