ខេត្តព្រះសីហនុ៖រថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីកិនក្មេងប្រុសសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកកែងស្ថានីយប្រេងឥន្ធនៈ តាវណ្ណា មុខក្រុមហ៊ុនសំណង់ផ្ទះល្វែង ឆឹង សុខា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភ័ក្ត្រ រតនៈឈួយ ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា បានបែកក្បាលស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ភ័ក្ត្រ សុខកុមារី អាយុ១៥ឆ្នាំ ជាសិស្សសាលាដូចគ្នា រងរបួសតិចតួច ។ អ្នកទាំងពីរមានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពង់ផែទំនប់រលក) រីឯម៉ូតូម៉ាកស្កុពីរបស់ជនរងគ្រោះរងការខូចខាតជាមធ្យម ។
តាមប្រភពព័ត៌មានបានដឹងថា គេឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូ១គ្រឿងជាមួយបងស្រី ក្នុងទិសដៅពីជើងទៅត្បូង (ឡើងចំណោត) លុះជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានវ៉ាក់អឺជាមួយរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបើកបរមកពីមុខទិសដៅបញ្ច្រាសទិសគ្នា គ្រានោះជនរងគ្រោះក៏បានកាច់ចង្កូតគេចចេញពីរថយន្តដឹកសំរាម។ ប៉ុន្តែអកុសលនៅពេលកាច់ ចង្កូតគេចចេញពីរថយន្តដឹកសំរាមនោះ ជនរងគ្រោះដែលជិះពីក្រោយស្រាប់តែធ្លាក់ពីលើម៉ូតូ ហើយក៏ត្រូវរថយន្តដឹកសំរាមនោះកិនស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ភ្លាមៗនោះអ្នកបើកបររថយន្តដឹកសំរាមបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីត្រូវបានសមត្ថកិច្ច ចរាចរណ៍ផ្លូវគោកនាំយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់៕