Bale នឹង​អវត្តមាន​ក្នុងជំនួប El Clasico
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​យក្ស​សរ Real Madrid កីឡាករ Gareth Bale នឹង​អវត្តមាន​ឲ្យ​ក្រុម​មួយ​នេះ​ក្នុងការ​ប្រកួត El Clasico បន្ទាប់ពី​ពិនិត្យឃើញថា មាន​បញ្ហា​របួស​កជើង​ស្ដាំ​ធ្ងន់ធ្ងរ ត្រូវ​សម្រាក​រយៈពេល​យូរ​។​
​កីឡាករ​សញ្ជាតិ​វែ​លវ័យ​២៧​ឆ្នាំ​រូបនេះ បានទទួល​រងរបួស​កជើង ក្នុង​អំ​ឡុ​ក​ពេលដែល Real ឈ្នះ Sporting ២-១ កាលពី​យប់​ថ្ងៃ​អង្គារ​នៅក្នុង​ពានរង្វាន់ UEFA Champions League​ដោយ​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែការពារ Sebastián Coates នៅ​នាទី​៥៧ ជំនួស​ដោយ Marco Asensio​។​
Bale បានធ្វើ​ដំណើរ​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ Snaitas-La Moraleja Clinic កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។ ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ ក្រុម​យក្ស​សរ បានចេញ​សេចក្ដីថ្លែងការណ៍​ថា Bale បាន​រងរបួស​ភ្លាត់​សរសៃពួរ​កជើង​ស្ដាំ ដែល​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងតិច ៣​សប្តាហ៍ ហើយ​ក្រុមគ្រូពេទ្យ​នឹង​តាមដាន​អាកា​រៈ​បន្តទៀត ប៉ុន្តែ​បើ​មិន​ប្រសើរឡើង​ទេ រូបគេ​នឹងត្រូវ​វះកាត់ ហើយ​អាច​ត្រូវ​អវត្តមាន​ពី​ទីលាន រហូតដល់​២​ខែ​។​
​យ៉ាងណាមិញ​លទ្ធផល​នេះ​ធ្វើ​ឲ្យ Bale នឹង​អវត្តមាន​ក្នុងជំនួប El Clasico ពេល​ប៉ះ Barcelona នៅ​ថ្ងៃទី​០៣ ខែធ្នូ​ខាងមុខ​មែនទែន​ហើយ​និង​ការប្រកួត​បន្ទាប់ៗ​ខាងមុខ​ដែល​ប៉ះ Sporting, Cultural Leonesa, Borussia Dortmund, Deportivo រួមទាំង​ប្រកួត FIFA Club World Cup ឬ​អាច​នឹង​អវត្តមាន​ច្រើនជាង​នេះ បើ​ឈានដល់​ការវះកាត់​៕

real-madrids-welsh-forward-gareth-bale-1