សម្តេច​ក្រឡាហោម ស ខេង​ជំរុញ​អោយ​អភិបាលខេត្ត​បាត់ដំបង​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​

បាត់ដំបង​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំ​រុញអោយ​អភិបាលខេត្ត​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​កើតមាន​ក្នុង​ខេត្តបាត់ដំបង​។ សម្តេច​ក្រឡាហោម​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ផ្ទេរ​ប្រគល់​សមិទ្ធផល​បោសសម្អាត​មីន​រួច​និង​បើក​គម្រោង​ថ្មី​ដំណាក់កាល​ទី​៣​សមាហរណកម្ម​ការ​បោសសំអាត​មីន​និង​ជួយ​ជនរងគ្រោះ​ដោយសារ​មីន គាំទ្រ​ថវិការ​ដោយ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ឬ​ស្សី​រោទិ៍ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។
ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ផ្តល់ជំនួយ​មក​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​គ្រប់​វិស័យ ពិសេស​វិស័យ​កំចាត់​ម៉ី​ន​។
​និង​បាន​លើក​សម្រាប់​គម្រោង​ថ្មី​ដែល​តាម​ផែនការ​ប្រតិបត្តិការ​មាន​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ខែវិច្ឆិកា ២០១៦​ដល់​ខែតុលា​២០១៩​ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​មីន​ចំនួន​៧,០៣៨​ហិកតា​ស្មើរ​និង​ផ្ទៃដី​៤០%​នៃ​ផ្ទៃដី​ចំការមីន នៅក្នុង​ស្រុក​គោលដៅ​ចំនួន​៤​ដែលជា​ស្រុក​ដែលមាន​គ្រាប់មីន​ច្រើនជាងគេ​គឺ​សំឡូត បាណន់ រត​នះ​មណ្ឌល និង​ប​វេ​ល ព្រោះ​បាត់ដំបង​ជា​សមរភូមិ​ជួរមុខ​ដែល​ជួបប្រទះ​សង្គ្រាមស៊ីវិល​ដ៍​ជូ​ចត់​ជិត​៣​ទសវត្ស​។
ក្នុងឱកាស​នោះដែរ សម្តេច​ក្រឡាហោម​ស ខេង បាន​ថ្លែងថា ករណី​ស្លាប់​ដោយសា​ធ្វើសង្គ្រាម​និង​គ្រាប់មីន មិន​ស្មើរ​និង​ករណី​ស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ពីព្រោះ​សម័យ​សង្គ្រាម​គេ​ធ្វើ​ក្នុង​១​ខែ ២​ខែ ឬ​៣​ខែម្តង ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​វិញ​គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ ហើយ​ស្លាប់​គិត​ជា​មធ្យមភាគ​ក្នុង​១​ថ្ងៃ​ស្លាប់​៦​នាក់​។ ហើយ​សម្តេច​ជម្រុញ​អោយ​អភិបាលខេត្ត​បាត់ដំបង​ចាត់ការ​រឿង​បទល្មើស​នេសាទ​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតមាន​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ដើម្បី​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕​

15174442_1795904720648090_1455777089_n 15207863_1795904723981423_1901276947_n 15208991_1795904727314756_1160067240_n 15240291_1795904730648089_1067664433_n