ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2016 ក+ ក-

​ខេត្តរតនគិរី​៖​រថយន្ដ CRV មួយគ្រឿង​ដែល​ផ្ទុក​ឈើ​គ្រញូង​ជាច្រើន​ដុំ និង​​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ រដ្ឋបាល​ក្រុង​បាន​លុង​ដឹកនាំ​ដោយ​លោក អ៊ុន ស៊ី​ដេ​ត អភិបាលរងក្រុង ចាប់បាន និងឃាត់ខ្លួន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១ និង​៣០​នាទី​អធ្រាត្រ​ឈានចូល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​សមត្ថកិច្ច​ក្រុង​បាន​លុង​ដែល​ស្ថិតក្នុង​ប្រតិ​ត្តិ​ការ​នេះ​បាន​ឲ្យ​ដឹងថា រថយន្ត​នេះ​ឃាត់​ត្រួតពិនិត្យ​នេះ​ម៉ាក​CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-9519 និង​ជនសង្ស័យ​ទាំង​២​នាក់ ទី​១៖​ឈ្មោះ នុត ឌឿ​ន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថា​ឡា ឃុំ​ថា​ឡា ស្រុក​ថឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ទី​២៖​ឈ្មោះ សារី ជា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​ស្រែ​ស្តៅ ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ​។​
​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​លួច​ដឹកឈើ​ក្រ​ញ៉ូ​ង​នេះ ដឹក​ចេញពី​ទឹកដី​ខេត្តស្ទឹងត្រែង ហើយ​មន្ដ្រី​ជំនាញ​ដកហូត​បាន​ឈើ​ក្រញូង​ជាច្រើន​ដុំ​ដាក់ ដែល​បង្កប់​ក្រោម​សាក​ស៊ី រួច​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​បាន​លុង​។​
​នៅ​ព្រឹក​ថ្ងែ​ទី​២៦ ខែវិច្ឆិកា​នេះ វត្ថុតាង និង​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

fn-2016-11-26-11-00-34-0 fn-2016-11-26-11-00-34-2 fn-2016-11-26-11-00-34-3