លោក ប៉ែន សុវណ្ណ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិកពាក់ព័ន្ធ​ការ ជួញដូរ​មនុស្ស​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2015 ក+ ក-

ភ្នំពេញ​៖​លោក ប៉ែន សុវណ្ណ នឹង​ចូល ទៅ​បំភ្លឺ​នៅ​ស្ថានទូត​អាមេរិក​នៅ​រសៀល​ថ្ងៃទី​១២​ខែមករា​នេះ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​។ លោក ប៉ែន សុវណ្ណ ត្រូវបាន​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ ហាម​មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​នោះទេ​។

គួររំលឹកថា កាលពី​៥​ឆ្នាំមុន​ពេលដែល​លោក​ប៉ែន សុវណ្ណ នៅ​ជា​មន្ត្រី​របស់​គណបក្ស​សិទ្ធិមនុស្ស​ដែល ក្នុងអំឡុង​ពេលនោះ គឺ​នៅ​ឆ្នាំ​២០១១ លោក ប៉ែន សុវណ្ណ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សិទ្ធិមនុស្ស រួមជាមួយ​និង​ជំនួយការ​របស់លោក​ម្នា​ក់​ឈ្មោះ សេង វណ្ណា​។ ប៉ុន្តែ​នៅពេល​វិល​ត្រលប់​មកវិញ បុរស​ជា​ជំនួយការ​របស់លោក​ប៉ែន សុវណ្ណ​នោះ មិនបាន​វិល​ត្រលប់មក​ជាមួយ​លោក​វិញ​នោះទេ ដោយ​លើក​មូលហេតុ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​សម្រាក​ព្យាបាល​។​

​នៅ​ទីនោះ លោក សេង វណ្ណា បានធ្វើការ​រកលុយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើបតែ​ពីរ​សប្តាហ៍​មុននេះ​ទេ​ដែល​លោក សេង វណ្ណា បានធ្វើ​ដំណើរ​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពេលដែល​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​បានដាក់​ឈ្មោះ​របស់លោក ប៉ែន សុវណ្ណ ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក ដោយ​ហាម​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​តទៅទៀត​ឡើយ ដោយ​ត្រូវបាន​ចោទប្រកាន់ថា លោក ប៉ែន សុវណ្ណ ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​។​

​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១២​មករា​នេះ ទាំង​លោក ប៉ែន សុវណ្ណ និង​ទាំង​លោក សេង វណ្ណា ដែលជា​អតីត​ជំនួយការ​របស់លោក នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​អាមេរិក​ដក​ឈ្មោះ​របស់លោក​ចេញពី​បញ្ជីខ្មៅ​នេះ​។​

​យោងតាម​របាយការណ៍ ស្តីពី​ការជួញដូរ​មនុស្ស របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បានចេញ​ផ្សាយ​កាលពី​ខែមិថុនា​ឆ្នាំ​២០១៤ កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២ ជា​កន្លែង​ឆ្លងកាត់ និង​ជា​គោលដៅ​នៃ​ការជួញដូរ​មនុស្ស​។ កាលពី​ឆ្នាំ​២០១៣ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ចាត់ទុក​ប្រទេស​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​២ ក្នុងការ​ឃ្លាំមើល​ដូចគ្នានេះ​ផងដែរ​។​
​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចែក​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ស្តីពី​

ដំណឹង​នៃ​ការដាក់​ឈ្មោះ​របស់លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង ទស្សវត្ស​ន៍​ឆ្នាំ​១៩៨១ ដែល​បច្ចុប្បន្ន​គឺជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល កំពង់ស្ពឺ ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២ ខែមករា នេះ​។​
​ក្នុងនោះ ក៏មាន​ភ្ជាប់​ឈ្មោះ​របស់លោក ថាច់ សេដ្ឋា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ទៀត​ដែរ ប៉ុន្តែ​លោក​ថាច់ សេដ្ឋា បាន​បដិសេធថា មិនបាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ​៕

-------------​លោក ប៉ែន​សុវណ្ណ លោក​កុល បញ្ញា និង​លោក សុខ សំអឿន ក្នុងពេលដែល​និយាយ​ពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​កម្ពុជា​។​RFI