ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦បានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធទៅនិងករណីរំលោភលើទំនុកចិត្ត (លួចប្រាក់ចំនួន៦០០០ដុល្លារ)។
លោកអនុសេនីយ៍ទោ ឡាច វ៉ាន់ នាយការិយាល័យនគរបាលយុត្តិធម៌អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ នង ស៊ីណា ភេទប្រុស អាយុ៣២ឆ្នាំជាមេការក្លិបកំសាន្តស្កាយប្តឹងទៅលើឈ្មោះ សុខ ស៊ីមិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកកាន់ប្រាក់ចំណូលក្នុងក្លិបកំសាន្តស្កាយស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង បានប្រមូលប្រាក់ចំណូលចំនួន៦០០០ដុល្លារ(ប្រាំមួយពាន់ដុល្លារ)រួចរត់គេចខ្លួនបាត់។
លោកបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតដល់វេលាម៉ោង២៣ និង៣០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ទើបក្តាប់បានមុខសញ្ញាកម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចុះដល់ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
លោកបន្តទៀតថា ជនសង្ស័យជាករណីរំលោភលើទំនុកចិត្តខាងលើត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ស៊ីមិន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងក្លិបកំសាន្តស្កាយមុខរបរជាអ្នកគិតលុយ ចំណូលចំណាយនិងទូរទាត់ប្រាក់អោយថៅកែក្នុងមួយខែៗ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានយកប្រាក់ចំណូលក្នុងក្លិបកំសាន្តស្កាយចំនួន៥០០០ដុល្លារ(ប្រាំពាន់ដុល្លារ)របស់ថៅកែស្កាយដែលខ្លួនមានតួនាទីរក្សាទុកអោយថៅកែ យកទៅលែងល្បែងចាក់បាល់ចាញ់អស់។
បន្ទាប់ពីធ្វើការសាកសួរបូករួមនិងចម្លើយសារភាពផងនោះ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការក្នុងករណីរំលោភលើទំនុកចិត្ត