អ៊ីស្តង់ប៊ុល៖យន្តហោះចម្បាំងតួកគីបានធ្វើការវាយប្រហារដោយទម្លាក់គ្រាប់បែក ទៅលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ PKK ស្ថិតនៅភាគខាងជើងប្រទេសអ៉ីរ៉ាក់ និងបានផ្តាច់ជិវិតក្រុមសកម្មប្រយុទ្ធចំនួន ២៩នាក់តាំងពីថ្ងៃទី១១ ខែធ្នូមកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ដោយឡែកយន្តហោះចម្បាំងមួយចំនួនទៀតរបស់តួកគី បានធ្វើការវាយប្រហារ និងកម្ទេចមូលដ្ឋានសំខាន់ៗរបស់ PKK រួមមានទាំងទីតាំងប្រយុទ្ធ និងជម្រកស្នាក់នៅផងដែរស្ថិតនៅក្នុងតំបន់ Zap របស់ប្រទេសអ៉ីរ៉ាក់ ហើយការវាយប្រហារនេះបានធ្វើឡើងភ្លាមបន្ទាប់ពីទីក្រុង អ៉ីស្តង់ប៊ុល នៃប្រទេសតួកគីបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃទី១១ ខែធ្នូដដែលនោះ ដែលបានសម្លាប់ជីវិតមនុស្សសរុបជាង ៤០នាក់ និងបង្ករបួសរាប់សិបនាក់ផ្សេងទៀត ហើយរដ្ឋាភិបាលរបស់លោក Erdogan ក៏បានចោទភ្លាមៗផងដែរថា វាជាទង្វើរបស់ក្រុមភេវករនៃគណបក្ស PKK៕