ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរដែលថៃថាខុសច្បាប់ចាប់បញ្ជូនមកវិញតាមរយៈរថយន្តទ្រុងជារថយន្តដឹកអ្នកទោស និងដឹកចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅតែជាបញ្ហាចោទ ព្រោះថាការដឹកជញ្ជូនរបស់ភាគីថៃគឺគេញាត់ណែនដូចកន្តំឈររឹងស្តូកមិនគិតពីផលលំបាករបស់កុមារតូចៗនិងអ្នកមានផ្ទៃពោះនោះទេ។ តាមការកត់សម្គាល់រយៈពេល៣ខែចុងក្រោយនេះហាក់មានការកើនឡើង តែបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥អាចនឹងធ្លាក់ចុះទៅវិញ។
តាមរបាយការណ៍របស់មន្ត្រីនៅទីតាំងទទួលពលករបញ្ជូនពីថៃ ចំណុចផ្សារមង្គលក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតបានឪ្យដឹងថាពលករបញ្ជូនពីថៃ ដោយរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០១៦ហាក់មានការកើនឡើងជាងកាលពីដើមឆ្នាំ ។ ប្រភពដដែលបន្តថាកាលពីដើមឆ្នាំពលករបញ្ជូនពីថៃ ខែខ្លះមានតែជាង២០០០នាក់ឬជាង៣០០០នាក់ លុះប៉ុន្មានខែចុងក្រោយនេះ ហាក់មានការកើនឡើងដោយក្នុងខែកញ្ញាមានចំនួន៤៨៤៣នាក់ ។ ខែតុលាមានចំនួន៤៨៣៥នាក់និងខែវិច្ឆិកាមានចំនួន៤៩១៩នាក់។
ប្រភពដដែលបន្តថា ពលករសរុបក្នុងឆ្នាំ២០១៦គិតត្រឹមខែវិច្ឆិកាមានចំនួន៤៥.៩២៤នាក់ក្នុងនោះមានស្ត្រី១៥.០១៩នាក់កុមារ៤.១៤៤នាក់ដឹកតាមរថយន្តទ្រុងចំនួន១.០៧១ជើង។ ថ្វីត្បិតតែចំនួនពលករបញ្ជូនត្រឡប់ពីថៃប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០១៦ហាក់មានការកើនឡើង ប៉ុនែ្តក្រុមមន្ត្រីនៅទីតាំងទទួលពលករប្រាប់ថា បើប្រៀបធៀបទៅនិងចំនួនពលករសរុបក្នុងឆ្នាំ២០១៥ ចំនួនពលករសរុបក្នុងឆ្នាំ២០១៦អាចនិងធ្លាក់ចុះគួរឪ្យកត់សម្គាល់ដែរ។
ប្រភពដដែលបញ្ជាក់ថាចំនួនពលករសរុបក្នុងឆ្នាំ២០១៥មាន៥៩.៥៦៩នាក់ក្នុងនោះស្ត្រី១៩.៤៤២នាក់កុមារ៤.៦០៧នាក់ដឹកតាមរថយន្តទ្រុងចំនួន១.៣៤៦ជើង ។តាមការឃើញជាក់ស្តែង អាជ្ញាធរថៃចាប់ពលករខ្មែរបញ្ជូនមកវិញកាន់តែច្រើនឡើងៗ និងកាន់តែមានចរិកអាក្រក់ទៅៗ ប្រៀបដូចអត់មានមនុស្សធម៌ អត់មានគោរពសិទ្ធិមនុស្សទាល់តែសោះ។
ឃើញប៉ុណ្ណឹងហើយ ល្មមខ្មែរទាំងឡាយចេះរាងហើយ។ នៅក្នុងស្រុកមិនខ្វះទេការងារធ្វើមិនគួរនាំគ្នាទៅធ្វើកម្មករសំណង់ដ៏ល្ហេមល្ហាមនៅស្រុកគេបែបនេះទេ៕