ចុះ​ត្រួតពិនិត្យ​ជនបរទេស​នៅ​សង្កាត់​ជើងឯក រកឃើញ​៣៨​នាក់​គ្មាន​ប័ណ្ណ​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ បាន​បន្ត​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ការ​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​បុរី​កម្មករ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ។​
​ប្រតិបត្តិ​ការចុះ​ត្រួត​ពិ​និ​ត្រ​ខាងលើ​នេះដែរ​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ។​
​ជា​លទ្ធិ​ផល​សមត្ថកិច្ច បាន​រកឃើញ​ជនជាតិ​វៀតណាម​ចំនួន​៣៨ មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ប៉ុន្តែ​ពួកគេ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​ការងារ ដូច្នេះហើយ​សមត្ថកិច្ច​ពុំបាន​ធ្វើការ​ឃាត់ខ្លួន​ជន​ទាំង​៣៨​នាក់​ឡើយ គ្រាន់តែ​ធ្វើការ​ដកហូត​លិខិតឆ្លងដែន​របស់​ពួកគេ យកទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រងចាំ​ម្ចាស់​សមី​បុគ្គល​ចូលខ្លួន​ទៅ​បង់ពិន័យ ចំពោះ​លិខិត​ការងារ តាមច្បាប់​អន្តោប្រវេសន៍ ។​
​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អោយដឹងថា ចំពោះ​ជនបរទេស​ណា ដែល​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួកគេ​នឹងត្រូវ​ឃាត់ខ្លួន​បញ្ចូនទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំបែបបទ​ស្នើរ​ទៅ​ក្រសួងមហាផ្ទៃ​សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅពេល​ខាងមុខ ។ ដោយឡែក​ចំពោះ​ជន​ដែលមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​អោយ​រស់នៅ​ស្របច្បាប់ ប៉ុន្តែ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​ការងារ ពួកគេ​នឹងត្រូវ​ពិន័យ ៥០​ម៉ឺន​រៀល​ចូល​រដ្ឋ រួច​រងចាំ​ផុត​ទិ​ដ្ឋ​ការ នៃ​ការ​អនុ​ញ្ញា​ត្តិ​ច្បាប់​រស់នៅ ទើប​សម្រេច​ធ្វើការ​បណ្តេញចេញ៕

15592549_1808951422676753_1239346974_n15645273_1808951409343421_358092346_n 15666269_1808951406010088_618361814_n 15682661_1808951426010086_2095043012_n