ជំងឺ​លោក ប៉ែន សុវណ្ណ បន្ទាប់ពី​ព្យាបាល​នៅ​សិង្ហ​បុរី​វិញ​ហាក់​មិន​ធូរស្រាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2015 ក+ ក-

​ភ្នំ​ពេ​ញះលោក ប៉ែន សុវណ្ណ មកដល់​ភ្នំពេញ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៥ កុម្ភៈ នៅ​ម៉ោង​ប្រហែល ៩​ព្រឹក តាម​ជើងយន្តហោះ សៀ​លក៍​អ៊ែរ (Silk Air) បន្ទាប់ពី​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូនទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហ​បុរី​។​

ក្នុង​ដំណើរ​ត្រឡប់​ពី​ការព្យាបាល​នេះ លោក ប៉ែន សុវណ្ណ ហាក់​ពុំមាន​អ្វី​ធូរស្រាល​ប៉ុន្មាន​ទេ បើទោះបីជា​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី លី ស្រី​វី​ណា អះអាងថា លោក ប៉ែន សុវណ្ណ បាន​ធូរស្រាល​ជាង​មុន និង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​វេជ្ជបណ្ឌិត មុន​បញ្ជូនមក​ដល់ក​ម្ពុ​ជា នៅថ្ងៃនេះ​ក្ដី​។

លោក ប៉ែន សុវណ្ណ បាន​ចំណាយពេល​ជាង​កន្លះ​ម៉ោង​ចុះ​ពី​យន្តហោះ ហើយ​ត្រូវគេ​សែង​ដាក់​ក្នុង​ឡាន​សាមុយ ដើម្បី​នាំទៅ​សម្រាក​ថែទាំ​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វី​ណា ទួល​ទំពូង​។​
​ការចំណាយ​ពេល​ជាង​កន្លះ​ម៉ោង​នេះ ហាក់​បង្ហាញថា ស្ថានភាព​ជំងឺ​លោក ប៉ែន សុវណ្ណ ត្រូវការ​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់​ពី​សុខភាព​របស់លោក​។​

ចំណែក​ស្ថានភាព​នៅ​កន្លែង​ចាំ​ទទួល​លោក ប៉ែន សុវណ្ណ វិញ ក៏​មិនសូវមាន​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មក​ហែហម​ចាំ​ទទួល​ដំណើរ​ច្រើន​ដែរ ដោយ​ឃើញ​មានតែ​សមាជិកសភា​ខាង​បក្ស​សង្គ្រោះ​ជាតិ ៤-៥​រូប​ប៉ុណ្ណោះ​។​

លោក ប៉ែន សុវណ្ណ ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​កំពង់ស្ពឺ នា​អាណត្តិ​ទី​៥​នេះ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​១ ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​៕

mek23លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​កំពង់ស្ពឺ នៃ​បក្ស​សង្គ្រោះ​ជាតិ សម្រាក​ថែទាំ​ជំងឺ នៅ​មន្ទីរ​សម្រាក​ព្យាបាល លី ស្រី​វី​ណា ទួល​ទំពូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ កុម្ភៈ ២០១៥​។