ឡើង​ចាប់​​រំលោភ ខណៈ​ឪពុកម្តាយ​មិន​នៅផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

ខេត្តក្រចេះ​៖​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្វា​យេ​ជ្រះ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ជននេះ​បាន​លប​ឡើងលើ​ផ្ទះ​ក្មេងស្រី​រងគ្រោះ រួច​ព្យាយាម​ចាប់​នាង​រំលោភ​កាលពី​ពាក់កណ្តាល​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈដែល​ឪពុកម្តាយ​នាង​មិន​នៅផ្ទះ ។​
​អធិការរង​នគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ទោ ប៊ុន នឿន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សំ បាត់​ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ចារ ឃុំ​ស្វា​យេ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។ ចំណែក​ក្មេងស្រី​វ័យ​ក្រមុំ​ទើបតែ​អាយុ​១៥​ឆ្នាំ​។​
​លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀតថា នៅ​យប់​ថ្ងៃកើតហេតុ​ខណៈ​ក្មេងស្រី​រងគ្រោះ​ដេក​នៅផ្ទះ​តែម្នាក់ឯង ដោយសារតែ​ឪពុកម្តាយ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​លួច​ឡើងទៅ​លើផ្ទះ​របស់​នា​ង ហើយ​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ តែ​មិនបាន​សម្រេច​ទេ ដោយសារ​នាង​ប្រឹង​ស្រែក​ឲ្យ​ជួយ និង​ប្រឹង​រើបម្រះ​រហូត​ធ្លាក់​ពីលើផ្ទះ​បណ្ដាល​ឲ្យ​រងរបួស​រាងកាយ និង​ផ្ទៃមុខ រួច​រត់ទៅរក​គេ​ឲ្យ​ជួយ​។ លុះ​ព្រឹក​ឡើង​ឪពុកម្តាយ​បាន​នាំ​ក្មេងស្រី​រងគ្រោះ​មកប្តឹង​សមត្ថកិច្ច ទើប​នគរបាល​ស្រុក​ស្នួល​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

44d30541-dabd-477b-b571-7ec56903cf957bf860a1-4c61-4ef7-b630-dff606cca728cbf88d0c-f4e7-4cd3-a987-5814f1a3b95d