រាជធានីភ្នំពេញ៖មកដល់ពេលនេះ គេកំពុងតែមើលឃើញនូវជំហរនយោបាយបែបផ្ទុយគ្នា រវាងលោក សម រង្ស៊ី និងលោក កឹម សុខា សំខាន់ទាក់ទងសារនយោបាយ ។ លោក សម រង្ស៊ី មើលទៅលោកមិនបោះបង់ចោលសារនយោបាយបែបប្រតិកម្មតបដោយកំហឹងទៅលើមេដឹកនាំបក្សកាន់អំណាច ។ ចំណែកលោក កឹម សុខា បានប្រើសារនយោបាយបែបទន់ភ្លន់ និងមិនប្រតិកម្មតបចំពោះអ្វីដែលជាសារ នយោបាយរបស់មេដឹកនាំបក្សកាន់អំណាចនោះឡើយ ។
កត់សម្គាល់លោក សម រង្ស៊ី បានបង្ហាញសារនយោបាយក្តៅប្រហាយជាបន្តបន្ទាប់ប្រតិកម្មទៅនឹងការថ្លែងរបស់សម្តេច ហ៊ុន សែន ឬ ជោគវាសនារបស់បក្សកាន់អំណាច ដែលគេគិតថា ជាសារធ្វើឲ្យឡើង កម្តៅនយោបាយតែម្តង ។
ករណីដូចលោក សម រង្ស៊ី ថ្មីៗ នេះ បានបង្ហាញសារនយោបាយលើប្រព័ន្ធ Facebook របស់លោកថា ៖ « លោក ហ៊ុន សែន ធ្លាក់ទឹកចឹត្តខ្លាំង បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ ។ លោកបន្តថា លោក ហ៊ុន សែន បានដឹកថា មិនអាចយកឈ្នះគណបក្សសង្គ្រោះជាតិបានទេ ទើបកំពុងតែរកលេស ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ » ។
ចំណែកលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងវិញ មិនបានបញ្ចេញសារនយោបាយបែបក្តៅក្រហាយដូចលោក សម រង្ស៊ី នោះទេ ។ ផ្ទុយទៅវិញលោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រនៅតាម បណ្តាខេត្តក្នុងមួយរយះនេះថា « យើងមានកិច្ចការជាច្រើន ដែលត្រូវធ្វើ ហើយយើងគ្មានពេលវេលាឈ្លោះជាមួយនរណានោះទេ យើងធ្វើដំណើរទៅមុខតម្រង់ទៅរកការបោះឆ្នោត » ។
លោក កឹម សុខា បានសរសេរនៅលើ Faceook របស់លោកថា ឆ្លងកាត់ក្នុងភ្លើងនយោបាយជាង២០ឆ្នាំ លោកយល់ឃើញថា ដើម្បីអាចធ្វើដំណើរទៅមុខឲ្យដល់គោលដៅបានយើងមិនគួរលូកដៃលេងភ្លើងដែលគេបង្កាត់នោះទេ ។ លោកបញ្ជាក់ថា « បើយើងជាអ្នកនយោបាយ ហើយគិតតែពីបង្កបង្កើតបញ្ហាធ្វើឲ្យអ្នកដទៃជាពិសេសប្រជាពលរដ្ឋមានការឈឺចាប់ និងភ័យខ្លាចដោយសារតែចង់ឈ្នះគ្នា គុំគួន សងសឹកគ្នានោះមិនមែនគ្រាន់តែមិនបានបង្កើតសេចក្តីសុខឲ្យអ្នកដទៃនោះទេ សូម្បីតែក្នុងចិត្តខ្លួនឯងក៏ក្តៅក្រហល់ក្រហាយនិងមិនមានសេចក្តីសុខពិតដែរ ។
ក្រុមអ្នកវិភាគឯករាជ្យពិតប្រាកដកំពុងវាយតម្លៃថា រវាងសារនយោបាយមេដឹកនាំបក្សប្រឆាំងទាំងពីរគឺផ្ទុយគ្នាស្រឡះតែម្តង ខណដែលលោក សម រង្ស៊ី ប្រើនយោបាយប្រតិកម្មក្តៅៗ បង្កការខឹងសម្បារដល់គូរជម្លោះ, ប៉ុន្តែលោក កឹម សុខា ប្រើភាសាត្រជាក់របៀបខន្តី ចំពោះអ្វីដែលបានកើតឡើង ។
ដូច្នេះ គេអាចនឹងគិតថា តើលោក សម រង្ស៊ី និងលោក កឹម សុខា កំពុងដើរលើផ្លូវពីរផ្ទុយគ្នា ឬអាចនិយាយថា មានការបែកបាក់គ្នាពិតប្រាកដមែន ដូចអ្វីដែលមតិមួយចំបានលើកឡើង ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខាងបានប្រមើលថា របត់នយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងកំពុងតែកើតមានហើយ, ហើយរបត់នោះនិងឈានដល់ការញែកលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យឃ្លាតចេញពីគ្នា នៅមុនការបោះឆ្នោតខាងមុខ ។
ក្រុមអ្នកវិភាគហ៊ាននិយាយថា វិធានការក្តៅរបស់សម្តេច ហ៊ុន សែន ទាក់ទងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភារួមទាំងច្បាប់ស្តីពីគណបក្សនយោបាយអាចនឹងជាប់ពាក់ព័ន្ធ ដោយផ្ទាល់នឹងលោក កឹម សុខា ដែលគេគិតថា ជាសេចក្តីប៉ងប្រាថ្នារបស់លោកតាំងពីយូរណាស់មកហើយ ក្នុងការឈានឆ្ពោះទៅដឹកនាំគណបក្សសង្គ្រោះជាតិ ។
សូមជម្រាបថា លោក កឹម សុខា បានរងនូវការរិះគន់ជាបន្តបន្ទាប់មកហើយ ក្រោយពេលបង្កើតគណបក្សសិទ្ធិមនុស្ស ដោយសាធារណមតិចោទថា លោកជាមនុស្សរបស់សម្តេច ហ៊ុន សែន ខណដែលការបង្កើតគណបក្សសិទ្ធិមនុស្សនោះ គឺដើម្បីបំបែកសម្លេងគណបក្ស សម រង្ស៊ី តែប៉ុណ្ណោះ ៕