រុស្ស៊ី​ធ្វើ​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​ម៉ូស្គូ​៖​រុស្ស៊ី​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​កងកម្លាំង​យោធា​រុស្ស៊ី​ជាង​២,០០០​នាក់​ចូលរួម​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​អ្នកនាំពាក្យ​ទីបញ្ជាការ​យោធា​រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ Alexander Gordeyev បាន​ថ្លែងថា ភាគ​ខាង​កើតជា​ផ្នែក​ដ៏​សំខាន់​ជាងគេ​នៃ​សមយុទ្ធ​យោធា​នេះ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅលើ​ទឹកដី​របស់​តំបន់ Sakhalin Oblast ដែល​ស្ថិតនៅ​ចុង​ភាគ​ខាងកើត​ប្រទេស ជាមួយ​ការចូលរួម​ពី​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង​និង​កង​លោតឆ័ត្រ​យោង​ជាច្រើន​នាក់​។​
​លោក Gordeyev បាន​ថ្លែងថា «​ចំណាប់អារម្មណ៍​ចម្បង​នឹង​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​នៃ​ការធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា រវាង​បណ្តា​ទីភ្នាក់ងារ​រក្សា​សន្តិសុខ​នៃ​តំបន់ Sakhalin Oblast នៅ​អំឡុង​ប្រតិបត្តិការ​ពិសេស​មួយ​។ រីឯ​ក្រុម​លោតឆ័ត្រ​យោង​ដែល​ត្រូវ​ដឹកជញ្ជូន​តាមរយៈ​ឧទ្ធម្ភាគចក្រ​ធុន Mi-8 នឹងចូលរួម​ក្នុងការ​ហ្វឹកហ្វឺន​នេះ​ដើម្បី​កម្ចាត់​ពួក​ភេរ​វករ​»​។​
​គួរ​បញ្ជាក់ថា សមយុទ្ធ​នេះ​នឹង​បន្ត​រហូតដល់​ចុង​សប្តាហ៍​នេះ​ពោលគឺ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧៕

fn-2017-02-06-17-50-22-0