ខេត្តកំពង់ចាម៖នារីម្នាក់បានសម្រេចចិត្តលេបថ្នាំកណ្តុរសម្លាប់ខ្លួនចោលគូដណ្តឹង គ្រាដែលជិតដល់ថ្ងៃចូលរោងការទៅហើយ ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងមិនឲ្យនាងដើរលេងជាមួយគូដណ្តឹងច្រើនពេក។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
នារីគិតខ្លីរូបនោះមានឈ្មោះ ខន ចាន់ធា អាយុ១៨ឆ្នាំ មានឪពុកឈ្មោះ ឃុត ខន អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះ ឆូ ចាន់រ៉ា អាយុ៥៦ឆ្នាំ ហើយពួកគាត់រស់នៅភូមិ- ឃុំកើតហេតុខាងលើ។
ឪពុកម្តាយនារីរងគ្រោះបានរៀបរាបថា កូនស្រីរបស់ពួកគាត់បានភ្ជាប់ពាក្យជាមួយគូដណ្តឹងច្រើនខែមកហើយ ក្រោយពីភ្ជាប់ពាក្យរួចកូនស្រីគាត់ជាមួយនឹងគូដណ្តឹងតែងតែដើរលេងជាមួយគ្នាជារឿយៗ។ ដោយសារតែខ្លាចអ្នកជិះខាងគេនិយាយមិនល្អ ព្រោះក្មេងៗមិនទាន់រៀបការជាមួយគ្នា ទើបគាត់ស្តីបន្ទោសឲ្យកូនស្រីកុំឲ្យដើរលេងជាមួយគ្នាច្រើនពេក។ ដោយសារតែខឹងនឹងឪពុកម្តាយស្តីបន្ទោសឲ្យទើបនៅវេលាម៉ោង៣រសៀលថ្ងៃកើតហេតុ នារីរងគ្រោះក៏បានលេបថ្នាំកណ្តុរសម្លាប់ខ្លួនតែម្តង ក្រោយដឹងថាកូនស្រីលេបថ្នាំសម្លាប់ខ្លួន ឪពុកម្តាយក៏ប្រញាប់បញ្ចូននាងទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់មកពេលឃើញអាការៈកូនស្រីធូរស្រាលក៏នាំត្រលប់មកផ្ទះវិញ ស្រាប់តែវេលាម៉ោង៩យប់ថ្ងៃដដែលនារីរងគ្រោះប្រាប់ថា មិនសូវស្រួលខ្លួន ពួកគាត់ក៏នាំទៅពេទ្យម្តងទៀត លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ដោយពិនិត្យឃើញថា សាកសពនារីរងគ្រោះពិតជាសម្លាប់ ដោយសារធ្វើអត្តឃាតមែន ហើយក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង៕