រាជធានីភ្នំពេញ៖តំណាងរាស្ត្របក្សប្រឆាំងថ្លែងថា ប្រជាពលរដ្ឋឃុំរកា ដែលផ្ទុកមេរោគអេដស៍បានស្លាប់ចំនួន២២ហើយ ហើយអ្នកដែលនៅរស់កំពុងជួបបញ្ហាជីវភាពធ្ងន់ធ្ងរពុំមានអ្នកទៅជួយដូចពេលមុននោះឡើយ។
លោកស្រី មួរ សុខហ៊ួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រឆាំងបានថ្លែងដូច្នេះអំឡុងពេលដែលអ្នកស្រីចុះទៅសាកសួរសុខទុក្ខអ្នកភូមិរកា ឃុំរកា កាលពីពេលថ្មីៗ នេះ។ លោកស្រីបញ្ជាក់ថា ពួកគាត់កំពុងប្រឈមការលំបាកខ្លាំងអំពីជីវភាព ដោយសារតែការរើសអើង។
លោកស្រី មួរ សុខហ៊ួរ បញ្ជាក់ថា ពីមុនមុខរបរលក់ដូរ របស់ពលរដ្ឋគឺលក់ដាច់គ្រាន់បើ ប៉ុន្តែក្រោយលេចឮព័ត៌មានអំពីការផ្ទុកមេរោគអេដស៍ មុខរបរនោះលក់លែងសូវដាច់ដូចមុន ព្រោះហាក់ដូចជាមានការរើសអើង ចំពោះពួកគាត់ ។ ទន្ទឹមនោះអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៤០គ្រួសារ បាននាំគ្នាចំណាកស្រុក ទៅធ្វើការនៅក្រៅប្រទេស ដើម្បីស្វែងរកចំណូល។
តំណាងរាស្ត្ររូបនោះបន្ថែមថា រយះពេល២ឆ្នាំចុងក្រោយនេះ អ្នកផ្ទុកមេរោគអេដស៍ទាំងនោះត្រូវបានគេបោះបង់ចោលលើកលែងតែថ្នាំពន្យាអាយុ ដែលនៅបើកជាប្រចាំ។ លោកស្រីអំពាវនាវសុំឲ្យសប្បុរសជនជួយដល់ពលរដ្ឋទាំងនោះផង រួមទាំងស្នើដល់រាជរដ្ឋាភិបាលជួយសងបំណុលជំនួសពលរដ្ឋទាំងនោះ ព្រោះមើលទៅពួកគាត់ប្រហែលអស់លទ្ធភាពសងហើយ៕