រឿង​សម្លាប់លោក កែម ឡី តុលាការ​គ្រោង​បើកសវនាការ​ដើមខែ​មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រភពពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តុលាការ​គ្រោង​បើកសវនាការ​សំណុំរឿង​សម្លាប់​លោក កែម ឡី នៅ​ដើមខែ​មិនា ខាងមុខនេះ​។ តាម​តារាង​កាលវិភាគ​របស់​តុលាការ​រាជធានី​ភ្នំពេញ បញ្ជាក់ថា សវនាការ​នោះ​គ្រោង​បើក​នៅ​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០១៧​នេះ​។​
​សមាសភាព​មន្ត្រី​តុលា​ការដែល​នឹងចូលរួម​សវនាការ​លើ​សំណុំ​រឿងនេះ មាន​លោក​ចៅក្រម លាង សំណាក់ និង​តំណាង​អយ្យការ លោក លី សុ​ផា​ណា ហើយ​ក្នុង​តារាង​នោះបាន​សរសេរថា ជន​ជាប់​ឈ្មោះ អឿ​ត អាង ហៅ ជួប សំលាប់ «​កើត​ថ្ងៃទី​១០ ខែ​១២ ឆ្នាំ​២០១៦»​។​
​លោក កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ស្ដារ​ម៉ា​ត ក្បែរ​ស្ដុ​ប​បូកគោ រាជធានី​ភ្នំពេញ កាលពី​ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ហេតុការណ៍ អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ «​អឿ​ត អាង​» ហៅ «​ជួប សំលាប់​» ដោយបាន​បន្ដ​ឃុំខ្លួន​ក្រោម​បទ​ចោទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​៕

160710-kemley-nuler