មន្ទីរ​សុខាភិបាល​ភ្នំពេញ​បំភ្លឺ​ពី​ការ ចេញ​ប្លង់​កម្មសិទ្ធិ​មន្ទីរពេទ្យ បង្អែក​រាជធានី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 February, 2015 ក+ ក-

​ភ្នំពេញ​»​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បំភ្លឺ​ពី​ការចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ អតីត​មន្ទីរពេទ្យ​សម្ភព​ក្រុង​ដែល​កំពុងមាន​រឿងចម្រូងចម្រាស​។​

​ការបំភ្លឺ​នេះ បន្ទាប់ពី​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នេះ​នាំគ្នា​តវ៉ា​ដល់​រដ្ឋសភា​កាល ថ្ងៃ​សុក ទី​៦ កុម្ភៈ ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​បកស្រាយ​ឲ្យ​ច្បាស់លាស់​ចំពោះ បញ្ហា​នេះ​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ បញ្ជាក់​នៅ​ថ្ងៃទី​៧ កុម្ភៈ ថា ការធ្វើ​ប្លង់​កម្មសិទ្ធិ​នៃ​មន្ទីរពេទ្យ​នេះ ធ្វើឡើង​តាមបែប​បទ​នៃ​ក្រសួង​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឲ្យ​ស្ថាប័នរដ្ឋ​ត្រូវមាន​ប្លង់​សកម្ម​សិទ្ធិ​គ្រប់គ្រង​ត្រឹមត្រូវ​។​

​លោក​ថា មន្ទីរ​នេះ​បាន​បាត់​ប្លង់​កម្មសិទ្ធិ​តាំងពី​ឆ្នាំ​២០០៩ ដោយមាន​ការផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​សុខាភិបាល បួន​ជំនាន់​កន្លងមក​៖ «​កន្លងមក​យើង​អត់​បាន​យក​ប្លង់​នេះ​មក​គ្រប់​គ្រង់​ទេ វា​មិនដឹង​នៅលើ​ប្រធាន​មួយណា​ទេ​»​។​

លោក​ពន្យល់ថា ប្លង់​នោះ​ត្រូវ​ធ្វើជា​ពីរ​ផ្នែក មុខ​និង​ក្រោយ ដោយសារ​មាន​អ្នកភូមិ​អ្នកស្រុក​ដែលជា​សំណង់​មិន​រៀបរយ កាត់ផ្ដាច់​ជា​ពីរ មិនអាច​ធ្វើ​ប្លង់​រួម​ដោយ​បូក​ភូមិ​អ្នកស្រុក​បាន​៖ «​បាទ​! ត្រូវតែ​ធ្វើ​ទាំងអស់​ហ្នឹង យើង​មិន​ធ្វើ​តែមួយ​ណា​»​។​

លោក​បញ្ជាក់ទៀតថា អាគារ​មួយផ្នែក​នៅខាងមុខ​ដែល​នៅជាប់​ផ្លូវ​១៦៩ ឬ​ហៅថា ផ្លូវ​ឆេ​កូ​ស្លូ​វ៉ា​គី ដែលជា​ក្ដីកង្វល់​របស់​បុគ្គលិក​លោក​ខ្លាច​បាត់បង់​នោះ នឹងធ្វើ​ប្លង់​នៅពេល​ក្រោយ​បន្តបន្ទាប់​ទៀត តែ​លោក​មិន​បញ្ជាក់ថា នៅពេលណា​នោះទេ​។​
​ការបកស្រាយ​នេះ បន្ទាប់ពី​មានការ​រិះគន់​ពី​បុគ្គលិក​ពេទ្យ​ថា ទីតាំង​មួយផ្នែក​នៃ​មន្ទីរពេទ្យ​នេះ​ត្រូវ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​លក់​ទៅ ឲ្យ​ឯកជន ឬ​តាម​រូបភាព​ដោះដូរ​។​

​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព​៧​មករា ដែលមាន​ទីតាំងនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បដិសេធ​សេចក្ដីប្រកាស​របស់​មន្ទី​រ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​បំភ្លឺ​ពី​ប្លង់​កម្មសិទ្ធិ​នៃ​មន្ទីរពេទ្យ​នោះ​ឡើងវិញ​។​

តាមរយៈ​លិខិត​មួយ​ចុះ​ថ្ងៃទី​៦ កុម្ភៈ ដោយមាន​ផ្ដិតមេដៃ​ពី​ក្រុម​បុគ្គលិក​ពេទ្យ​ជាច្រើន​នាក់ និង​ផ្ញើ​ជូនទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការចេញ​ប្លង់​ទីតាំង​មន្ទីរពេទ្យ​ថ្មី មាន​ភាពមិនប្រក្រតី​។​

​ភាពមិនប្រក្រតី ឬ​ហេតុ​នាំ​ឲ្យ​មានការ​សង្ស័យ​នោះ គឺ​ប្លង់​ថ្មី​ដែល​បិទ​ប្រកាស​កាលពី​ល្ងាច​ថ្ងៃទី​៥ កុម្ភៈ បាន​បាត់​អាគារ​មួយ​នៅខាងមុខ​គេ​ចេញពី​ប្លង់​នោះ​។ ការប្រកាស​របស់​មន្ទី​រ​រៀបចំ​ដែនដី​នគរូបនីយកម្ម មាន​ខ្លឹមសារ​ថា ទីតាំង​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ នឹងត្រូវ​បាត់បង់ បើសិនជា​ពុំមាន​ឯកសារ​វិញ្ញាបនបត្រ​សំគាល់​អចលនវត្ថុ​ចាស់​ទេនោះ​។​
​តែ​លិខិត​នោះបាន​កំណត់​ឲ្យ​តវ៉ា​តែ​១​ខែ​ប៉ុណ្ណោះ ខណៈដែល​លិខិត​ប្រកាស​ចេញ​តាំងពី​ថ្ងៃទី​៨ មករា ហើយ​ទើប​យក​បិទ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​៥ កុម្ភៈ ដែល​ធ្វើ​ឲ្យ​ក្រុម​បុគ្គលិក​ពេទ្យ មិនអាច​តវ៉ា​នោះទេ ព្រោះ​នៅសល់តែ​១​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ គិត​មក​ថ្ងៃ​សុក្រ ទី​៦ កុម្ភៈ​។ ជាងនេះទៅទៀត ក្នុង​លិខិត​ប្រកាស​នោះ ពុំបាន​បង្ហាញ​គំនូស​ប្លង់​នៃ​មន្ទីរពេទ្យ​ទាំងមូល​ឲ្យ​ច្បាស់លាស់​ឡើយ​។​

​មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ប៉េង ហុង​សុជាតិ​ខែម​រ៉ូ មានប្រសាសន៍ថា ក្រសួង​លោក​គ្រាន់តែ​ជា​អ្នកទទួល​សេវា​ធ្វើ​ប្លង់​កម្មសិទ្ធិ​តាម​ការស្នើ ប៉ុណ្ណោះ​៖ «​ក្រសួង​ខ្ញុំ​នៅពេល​រដ្ឋ​សម្រេច​យ៉ាងម៉េចៗ គឺ​ចុះទៅ​ធ្វើ​សាវា​នោះ​ជូន​ចំពោះ​ការគ្រប់គ្រង​ទ្រព្យ​រដ្ឋ​គឺ​នៅ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។​

ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត អួ​ង មេសា ជា​បុគ្គលិក​នៃ​មន្ទីរពេទ្យ​នេះ​ថ្លែងថា បុគ្គលិក​ទាំងអស់​នៅតែ​ទាមទារ​ឲ្យ​មាន​ប្លង់​រួម​ដើម្បី​បញ្ចៀស​នូវ​ការ បាត់បង់​ទ្រព្យសម្បត្តិរ​ដ្ឋ​៖ «​សុំ​ឲ្យ​មាន​ប្លង់​រួម អត់​មាន​មន្ទីរ​មួយ​មាន​ប្លង់​ពីរ​ទេ កន្លងមក​មន្ទីរពេទ្យ​នេះ​មាន​ប្លង់​រួមទាំង​អស់​»​។​

​ទាក់ទង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ និង​ជា​អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ថា​លោក​នឹង​អង្កេត​មើល​រឿងនេះ​។ លោក​បន្តថា ការប្រកាស​ប្លង់​ថ្មី​ដោយ​ធ្វើ​ទុតិយតា​លើ​ប្លង់​ចាស់ ឬ​យកតាម​ប្លង់​ចាស់ ប៉ុន្តែ​បាន​បាត់​អាគារ​មួយផ្នែក​នៃ​មន្ទីរពេទ្យ​ចេញពី​ប្លង់​កម្មសិទ្ធិ នោះ​ពិត​ជាមាន​ភាពមិនប្រក្រតី ឬ​អាចមាន​កំហុសឆ្គង​អ្វីមួយ​ដែល​ខ្លួន​លោក​ផ្ទាល់​ក៏មាន​ចម្ងល់​ជា ច្រើន​ជុំវិញ​បញ្ហា​នេះដែរ​។​

​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​រាជធានី​ភ្នំពេញ ធ្លាប់មាន​គម្រោង​ផ្លាស់ប្ដូរ​បុគ្គលិក​ចេញពី​អាគារ​ខាងមុខ​ពេទ្យ​ម្ដង រួចមកហើយ​កាលពី​ឆ្នាំមុន ដោយ​ឲ្យ​ទៅធ្វើ​ការរួម​គ្នា​នៅ​អាគារ​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ត្រូវ​ក្រុម​បុគ្គលិក​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ក៏​ផ្អាក​ទៅវិញ រហូតមកដល់​ពេលនេះ​៕ RFA

mek28ក្រុមគ្រូពេទ្យ​តវ៉ា​នៅខាងមុខ​មន្ទីរពេទ្យបង្អែក​រាជធានី ភ្នំពេញ ឬ​ពេទ្យ​សម្ភព​ក្រុង នៅ​ខណ្ឌ​៧​មករា នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៤ ចំពោះ​ការបង្ខំ​ឲ្យ​រុះរើ​ដោះដូរ​ការិយាល័យ​ធ្វើការ​។