CNRP រក្សាទុក​កៅអី​ប្រធាន​បក្ស​ឲ្យ​នៅ​ទំនេរ​រហូតដល់​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ប្រគល់​សិទ្ធិ​ទៅ​លោក កឹម សុខា ដឹកនាំ​ជា​បណ្ដោះអាសន្ន​មុននឹង​មានការ​ជ្រើសរើស​ប្រធាន​ថ្មី បន្ទាប់ពី​ការលាលែង​របស់លោក សម រង្ស៊ី​។ ដូច្នេះ​មានន័យថា បក្សប្រឆាំង​មួយ​នេះ បាន​រក្សាទុក​កៅអី​ប្រធាន​បក្ស​របស់លោក សម រង្ស៊ី ឲ្យ​នៅ​ទំនេរ​រហូតដល់​ឆ្នាំ​២០១៨​ខាងមុខ​។​
​សូមជម្រាបថា លោក សម រង្ស៊ី បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដោយ​គ្រាន់តែ​បញ្ជាក់​ប្រាប់ថា ដោយសារតែ​មូលហេតុ​ផ្ទាល់ខ្លួន​។ ការសម្រេចចិត្ត​បែបនេះ​របស់លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​មានការ​កោះប្រជុំ​សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ម្សិលមិញ​។​
​ដោយឡែក​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយ​កាលពី​រសៀល​ម្សិលមិញ​ដែរនោះ​បញ្ជាក់ថា គណបក្ស​ទទួលយក​ពាក្យ​លាលែង​ពី​តំណែង​របស់លោក សម រង្ស៊ី និង​សម្រេច​ប្រគល់​សិទ្ធិ​ទៅ​អនុប្រធាន​គណបក្ស លោក កឹម សុខា ឲ្យ​ទទួល​តួនាទី​ជា​ប្រធានស្ដីទី មុននឹង​គណបក្ស​នេះ​ជ្រើសរើស​បាន​ប្រធាន​ថ្មី​។​
​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ​លើកឡើងថា ការសម្រេចចិត្ត​លាលែង​របស់លោក សម រង្ស៊ី គឺជា​ល្បិច​នយោបាយ​តែប៉ុណ្ណោះ ព្រោះ​ការបោះឆ្នោត​ថ្នាក់ជាតិ​ក៏​កាន់តែ​ខិតជិត​មកដល់​ផងដែរ​៕

kha