អ៊ីរ៉ាក់៖មន្ត្រីសន្តិសុខអ៊ីរ៉ាក់និយាយថា មនុស្ស៤៥នាក់បានស្លាប់បាត់បងជីវិត ខណៈដែលជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះរថយន្តមួយគ្រឿងផ្ទុកទៅដោយគ្រាប់បែកកាលពីម្សិលមិញនៅភាគខាងត្បូង រដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់។
យោងតាមសារព័ត៌មាន BBC ឲ្យដឹងថា ការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកនេះបានធ្វើឡើងនៅលើបណ្តោយផ្លូវមួយកន្លែង ដែលពោរពេញទៅដោយឃ្លាំងលក់រថយន្តជជុះ និងយានដ្ឋានជួសជុលរថយន្ត ដោយនេះគឺជាការវាយប្រហារលើកទី៣ហើយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ហើយករណីបំផ្ទុះនេះផងដែរក្រុម IS បានប្រកាសថា ទង្វើរបស់ពួកគេ។
គួរបញ្ជាក់ថា ក្រុមឧទ្ទាម IS បានបង្កើនការបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសងសឹកចំពោះយុទ្ធនាការ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការកម្ចាត់ក្រុមឧទ្ទាម Sunni ចេញពីទីក្រុងជាច្រើនរបស់អ៊ីរ៉ាក់ ដែលខ្លួនបានវាយដណ្តើមកាន់កាប់ ក្នុងឆ្នាំ២០១៤៕