លោក អ៊ុក សុផល ស្នងការរង​ខេត្តកំពង់ស្ពឺ​ដល់​អាយុ​ចូលនិវត្តន៍​ហើយ​ពន្យារពេល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

ដោយ​៖​សុវណ្ណ​វឌ្ឍនៈ​

​កំពង់ស្ពឺ​៖​តាម​សេចក្តីរាយការណ៍​បាន​លួចខ្សឹប​អោយដឹងថា​លោក​អ៊ុក សុផល​ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​ទទួលបន្ទុក​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​កំឡុង​ខែមេសា ឆ្នាំ​២០១៦​តំណាល​លោក កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ចាស់​និង​លោក​ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍​ម្នាក់ទៀត​បាន​សំរាក​ពី​ការងារ​ហើយ​។​
ដោយឡែក​លោក​អ៊ុក សុផល​បាន​ពន្យា​កំណើត​នៅ​បន្តការងារ​ជា​ស្នងការរង​ជិត​១​ឆ្នាំ​ហើយ​នៅ​មិនទាន់​ចូលនិវត្តន៍​ទៀត​មិនដឹងថា​ថ្នាក់លើ​បាន​ជ្រាប​រឿងនេះ​ឬក៏​ថ្នាក់លើ​ភ្លេច​ពិនិត្យមើល​ឈ្មោះ​លោក អ៊ុក សុផល ថា ដល់​អាយុ​ចូលនិវត្តន៍​ហើយ​នោះទេ​។​
​បើតាម​សម្តី​របស់​អ្នកធ្វើការ​រាជការ​បាន​បាន​បង្ហើប​អោយដឹងថា រាល់​កងកម្លាំង​ដែលមាន​ឈ្មោះ​ត្រូវ​ចូលនិវត្តន៍​ត្រូវតែ​សំរាក ប៉ុន្តែ​ចំឡែក​លោក អ៊ុក សុផល ស្នងការរង​នគរបាល​ខេត្ត​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​ខែមេសា ឆ្នាំ​២០១៦​រហូតមកដល់​ឥឡូវ​ជិត​១​ឆ្នាំ​ហើយ​មក​ធ្វើការ​ដដែល​មិនដឹងថា យ៉ាងម៉េច​នោះទេ​ឬមួយ​ក៏​លោក​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​ទើប​ថ្នាក់លើ​មើលមិនឃើញ​នោះ​។​
​តាមច្បាប់​មន្ត្រី​យុត្តិធម៌​ទាំងអស់​ដល់​អាយុ​ចូលនិវត្តន៍ ហើយ​មិនអាច​នៅ​ក្រាញ់ននាល​នឹង​តំណែង​នោះទេ គេ​មិនដឹងថា លោក​ស្នងការរង​រូបនេះ​មាន​ខ្នងបង្អែក​ធំ​ឬក៏​យកលុយ​ទៅអោយ​ថ្នាក់លើ​ដើម្បី​បន្ត​តំណែង​អស់​ប៉ុន្មាន​នោះទេ​ទើប​លោក អ៊ុក សុផល បាន​បន្ត​អង្គុយ​កន្លែង​ខ្លាញ់​នេះ​ដល់​សព្វថ្ងៃ​ទៀត​។​
​បើតាម​សម្តី​របស់​មន្ត្រីនគរបាល​ខេត្តកំពង់ស្ពឺ​ដែល​ដឹងថា លោក​អ៊ុក សុផល ស្នងការរង​នៅ​ក្រាញ់ននៀល​នឹង​តំណែង​កន្លែង​ខ្លាញ់​នេះ​សំណូមពរ​ដល់​ថ្នាក់លើ​មេត្តាជួយ​ពិនិត្យមើល​ការពន្យារ​កំណើត​របស់​លោក​ស្នងការរង អ៊ុក សុផល នេះ​ផង ព្រោះ​លោក​នៅ​ធ្វើ​ការងារ​រាល់ថ្ងៃ​មិន​ព្រម​សំរាក​នេះ ដែល​មិន​ធ្លាប់មាន​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ឬមួយ​ក៏​លោក​ស្នងការរង​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​ថ្នាក់លើ​នោះ​៕​

16730956_1834278646810697_876469400_n