សម្រេច​ឃុំខ្លួន​លោក ចៅ វាសនា បេក្ខជន​ចៅសង្កាត់​ទី​២​ប៉ោយប៉ែត​មកពី CNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​តុលាការខេត្ត​បន្ទាយមានជ័យ​បានសម្រេច​ឃុំខ្លួន​បេក្ខជន​ចៅសង្កាត់​ទី​២​ប៉ោយប៉ែត មកពី​គណបក្សប្រឆាំង គឺ​លោក ចៅ វាសនា ទាក់ទង​នឹង​សំណុំរឿង​កម្មករ​អូស​រទេះ​ធ្វើបាតុកម្ម​តវ៉ា​នៅមុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាលពី​ឆ្នាំ​២០១៥​។​លោក​ត្រូវបាន​បញ្ជូនទៅ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​ការសាកសួរ​អស់​មួយ​ព្រឹក​នៅ​ថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ​២០១៧​។​
​លោក ចៅ វាសនា ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ សមគំនិត​ក្នុង​អំពើ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅមុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​។​នេះ​ជាការ​កោះហៅ​ទៅ​បំភ្លឺ​ជា​លើក​ទី​៣ បើទោះបីជា លោក ចៅ វាសនា អះអាងថា លោក​ពុំមាន​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​តវ៉ា​ជាមួយ​ក្រុមកម្មករ​អូស​រទេះ​នោះ​ក៏ដោយ​។​
​បេក្ខជន​ចៅសង្កាត់​រូបនេះ បច្ចុប្បន្ន​ជា​ចៅសង្កាត់រង​ទី​២ មកពី​គណបក្ស សម រង្ស៊ី នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ជា​មនុស្ស​សកម្ម​មួយរូប​ទីនោះ​។​សំណុំ​រឿងនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ក្រុមកម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យកពន្ធ​លើ​ការដឹក​ទំនិញ​ចេញចូល​តាម​រទេះ​ខ្ពស់​ហួសហេតុ រហូត​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុមកម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រមទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ ខូចខាត​មួយចំនួនទៀត ដោយសារ​ពួកគេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុមអ្នកតវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ធ្វើ​ឲ្យ​ពួកគាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់គ្នា​តែម្ដង​។​
​រហូតមកទល់​ពេលនេះ សមត្ថកិច្ច​ពុំទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់សព្វគ្រប់​នៅឡើយ​។ អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿងនេះ​កន្លងទៅ​រួមមាន ក្រុមកម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ចៅ វាសនា និង​លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​នោះ​ផងដែរ៕

unnamed-63