តារា៤ដួងដែលធ្លាប់ខកចិត្តព្រោះតែកន្លង់ បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2014 ក+ ក-

ភ្នំពេញ ៖ពាក្យចាស់ពោលថា សង្គមសិល្បៈក្នុងការជ្រើសរើសគូស្រករ ត្រូវបានគេនិយាយថាពាក្យថា “អាណិកជន” ពេញនិយមទាំងក្រៅ ក្នុងសង្គមសិល្បៈ មានតារាប្រុសស្រីខ្មែរមិនតិចនាក់ទេ ដែលបានយកខ្លួនមកភ្ជាប់នឹង “អាណិកជន” ក្នុងនោះមួយចំនួនបានទៅរស់សោយសុខលើដីស្រុកគេរួចស្រេចបាត់ហើយ មានដូចជា អឿន ដាលីស សារ៉ាយ សក្ខណា និង គឹម លីហ្សា ជាដើម។ ផ្ទុយពីពួកគេទាំងនោះ តារាៗមួយចំនួនក៏នៅស្កកខកចិត្តនៅស្រុកខ្មែរដែរ ត្បិតតែជួបរឿងនឹកស្មានមិនដល់រៀងខ្លួនដែរ។

១.កែវ ពេជ្រពិសី៖ រំលឹកទៅកាលពីឆ្នាំ២០០៩ កែវ ពេជ្រពិសី បានរៀបការយ៉ាងអធិកអធមជាមួយលោក ស្រី ចន្ថា ជាអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី ប៉ុន្តែបានប្រមាណជា១សប្ដាហ៍ប៉ុណ្ណោះ ព័ត៌មានបាក់បែកក៏ផ្ទុះឡើង ធ្វើឲ្យអ្នកគាំទ្រហួសចិត្តគ្រប់គ្នា។ ដើមហេតុនៃការបាក់បែកគ្រានោះ គឺមានពាក់ព័ន្ធនឹង “លុយ” ខណៈភាគីទាំងពីរចោទគ្នាទៅវិញទៅមកថា “ក្បត់ទំនុកចិត្ត”។ ជាលទ្ធផល ពួកគេបែកគ្នាយ៉ាងតក់ក្រហល់ ធ្វើឲ្យតារាសម្ដែងរូបនេះ រស់ក្នុងសភាពមេម៉ាយប្រមាណ៥ឆ្នាំហើយ។

២.មាស សម្ផស្ស៖ តារា សម្ដែងរូបនេះ ក៏ធ្លាប់បានបង្កើតចំណងស្នេហ៍យ៉ាងក្ដៅគគុកជាមួយបុរសអាណិកជនខ្មែរ នៅអាមេរិកឈ្មោះ យ៉ាវ ស៊ីណោះ កាលពីអំឡុងឆ្នាំ ២០០៩ ដែរ។ កាលណោះ ពួកគេគ្រោងនឹងដឹកដៃគ្នាចូលរោងការថែមទៀត ប៉ុន្តែខណៈអ្វីៗទៅជិតដល់ទី ស្រាប់តែធ្លាយព័ត៌មានថា អនាគតកូនកំលោះរបស់នាងក្នុងគ្រានោះ មិនមែនកំលោះទេ គឺគេមានប្រពន្ធ និងកូនរួចហើយ។ មិនត្រឹមតែប៉ុណ្ណឹង ភរិយាដើមរបស់លោក ស៊ីណោះ បានគម្រាមឲ្យ មាស សម្ផស្ស ដកខ្លួនទៀត បើមិនចង់មានរឿង។ យល់ស្ថានការណ៍ តារាសម្ដែងមកពីខេត្តបន្ទាយមានជ័យរូបនេះក៏បានដកខ្លួន។ ក្រោយមកក៏បានជួបស្នេហ៍ជាមួយបុរសកូរ៉េ ដោយបានរួមរស់ជាមួយគ្នាទាំងមិនបានរៀបការ២-៣ឆ្នាំក៏បែកគ្នា ទៀត។ ចុងក្រោយនេះ នាងបានជួបគូស្នេហ៍អាណិកជនម្នាក់ទៀត និងបានភ្ជាប់ពាក្យជាមួយគ្នាកាលពីខែមិថុនា ២០១៤នេះ។

៣.ពេជ្រ សោភា៖ តារាចម្រៀងហង្សមាសរូបនេះ ទើបបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរនៅអាមេរិកកាលពីមុនចូលឆ្នាំ ខ្មែរឆ្នាំនេះប៉ុណ្ណោះ។ យ៉ាងណា សោភា ធ្លាប់បានជួបស្នេហ៍ខកចិត្តម្ដងជាមួយកន្លង់មកពីអាមេរិកឈ្មោះ ប៊ុន ចន កាលពីអំឡុងឆ្នាំ ២០១១។ រំលឹកកាលណោះ ក្រោយបានស្គាល់ចិត្តថ្លើមគ្នា សោភា បានសម្រេចភ្ជាប់ពាក្យហែជំនូនគគ្រឹកគគ្រេងដោយមានមិត្តភ័ក្ដិ សិល្បៈចូលរួមជាច្រើន។ ប៉ុន្តែមិនបានប៉ុន្មានផង ពួកគេបានប្រកាសផ្ដាច់ពាក្យពីគ្នាវិញ។ ភាគីខាងប្រុសចោទខាងស្រីថា មានអ្នកទី៣ ឯខាងស្រីថា មកពីខាងប្រុសល្អខ្លាំងពេកទើបមិនទទួលបាន។

៤. ពេជ្រ ថាវរ៉ា៖ តារាសម្ដែង និងដើរម៉ូដកញ្ញា ពេជ្រ ថាវរ៉ា បានក្លាយជាតារាស្រីចុងក្រោយគេគិតត្រឹមថ្ងៃទី៥ កញ្ញា ២០១៤នេះ ដែលខកស្នេហ៍ជាមួយកន្លង់មកពីនាយ។ កញ្ញា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងជាអាណិកជនខ្មែរនៅអាមេរិកកាលពីខែ សីហាឆ្នាំ ២០១៣។ ថាវរ៉ា ធ្លាប់ប្រាប់ថា នឹងចេញទៅរស់នៅអាមេរិកក្រោយរៀបការរួច ប៉ុន្តែមិនទាន់ដល់ថ្ងៃរៀបការផង នាងប្រាប់ឲ្យដឹងថ្មីៗនេះទៀតថា ពួកនាងបែកគ្នាវិញហើយ។ ចំពោះមូលហេតុ ថាវរ៉ា ប្រាប់ថា ដោយសារគូដណ្ដឹងនាង ប្រចណ្ឌខ្លាំងពេក និងមានរឿងរ៉ាវមិនចុះសម្រុងគ្នាមួយចំនួន ទើបសម្រេចចិត្តបែកគ្នាតែម្ដង។

ក្រៅពីពួកគេទាំង៤ អ្នកនាង ព្រំ រដ្ឋា និងកញ្ញា សូដា នីតា ក៏ធ្លាប់មានប្រវត្តិបាក់បែកជាមួយបុរសអាណិកជនដែរ ប៉ុន្តែពួកគេទាំងពីរសុទ្ធតែបានទៅរស់នៅបរទេស មិនតិចឆ្នាំរៀងខ្លួនរួចហើយមុនពេលបែកគ្នា ហើយមករស់នៅប្រទេសកំណើតវិញ៕