បញ្ជូន​ខ្លួន​ជនដៃដល់​៣​នាក់​ទៅ​តុលាការ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ជនដៃដល់​ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​កាំបិត​កាប់​ទៅលើ​ក្បាល​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​។​
​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការនគរបាល ក្រុង​បាត់ដំបង​បានបញ្ជាក់​អោយដឹង ថា​៖​ក្រោយពី​ទទួលបាន​ព័ត៌មាន ពាក់ព័ន្ធ​ទៅ​និង​ករណី​អំពើហិង្សា​ដោយ​ជនដៃដល់​មាន​គ្នា​បីនាក់​បាន​ប្រើប្រាស់​កាំបិត​កាប់​និង​វៃ​ទៅលើ​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ​ភ្លាមៗ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​លោក​បន្តថា ករណី​ហិង្សា​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១ និង​៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០១៧​នៅ​ចំណុច ខាងមុខ​ក្លិប​ស្តារ​ឡាយ ឋិត​ក្នុង​ក្រុមទី​១៤ ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។ បង្កដោយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ក្នុងនោះ​មាន​៖​ទី​១.​ឈ្មោះ​នឿន សូ​និ​ច ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក​រសនៅ​ក្រុមទី​១៨​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជនដៃដល់​)​។ ទី​២.​ឈ្មោះ ឡា​ត់ ចាន់​រិ​ទ្ធ ហៅ តន្ត្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ក្រុមទី​២២​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​(​ជា​បក្ខពួក ) និង​ទី​៣.​ឈ្មោះ ឈួន តុលា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​លំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​(​ជា​ជនដៃដល់​យក​កាំបិត​កាប់​) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សរ ពិ​រស់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯ ក​ក្រុង​បាត់ដំបង​(​រង​របួល​ធ្ងន់​)​។​
​ក្រោយពី​ឃាត់ខ្លួន​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​និង​បក្ខពួក ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិត​កាប់​និង​វាយ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​ដោយសារ​រឿងស្រី ហើយ​បាន​ទំនាស់​ពាក្យសម្តី​គ្នា​នៅក្នុង​កន្លែង​ផឹកស៊ី​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

16933954_1838123299759565_571356329_n16931214_1838123303092898_750098080_o