ទាហាន​ថៃ​បាញ់​ខ្មែរ​ស្លាប់ ៣ នាក់ ជាប់​ភូមិសាស្ត្រ​អានសេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2015 ក+ ក-

ព្រះ​វិហារៈ ពលរដ្ឋ​ខ្មែរ ៣ នាក់ ទៀត​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ទាហាន​ថៃ​បាញ់​កាលពី​សប្តាហ៍​មុន នៅតាម​ច្រក​ដំណាក់​ទឹក ក្នុងភូមិ​សាស្ត្រ​អានសេះ ស្រុក​ជាំ​ក្សាន្ត ខណៈ​ពួកគេ លួច​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​។​

​យោងតាម​ការចុះផ្សាយរ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ ចុះផ្សាយ​កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ ដោយ ដកស្រង់​សម្តី​ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន ក្រសួងមហាផ្ទៃ លោក ហ៊ូ សា​គុណ ផ្អែកលើ​សម្តី​របស់​ជន​រងគ្រោះ ដែល​រងរបួស​ធ្ងន់ និង​គេចខ្លួន​រួច​នោះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ ពួកគេ​មួយក្រុម​មាន​គ្នា ៤ នាក់ បាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង នៅ​ភូមិសាស្ត្រ​ស្រុក​ណាំ​យឺន​ខេត្ត​អ៊ូ​ប៊ុន​ក្រោយមក​នៅ​ថ្ងៃទី ៥ ខែកុម្ភៈ ត្រូវបាន​ទាហាន​ថៃ​ប្រទះឃើញ រួច​បាន​បាញ់​ទៅលើ​ពួកគេ ក្នុង​នោះបាន​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា ៣​នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​លោក ហ៊ូ សា​គុណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សាកសព​ទាំងនោះ គណៈកម្មាធិការ​ព្រំដែន​នៅ​ច្រក​អានសេះ រួមទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ​កំពុង​ធ្វើលិខិត​ស្នើ សុំ​សាកសព​ពី​ភាគី​ថៃ ដើម្បី​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៖ «​ខាង​ទំនាក់ទំនង​ព្រំដែន បាន​បម្រុង​នឹង​ស្នើសុំ​ទៅ​ភាគី​ថៃ​ហើយ​»​។​

បើតាម​លោក ឈិន ស្នា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ខ្មែរ ថៃ ច្រក​អានសេះ​បាន​ឲ្យ​ដឹងថា ពួកគេ ពិតជា​បាន​លួច​ចូល​តាម​ច្រក​អានសេះ​នេះ​ពិតមែន ប៉ុន្តែ​ហេតុការណ៍​បាញ់សម្លាប់​នោះ គឺ​បាន​កើតឡើង​នៅ​ស្រុក​ណាំ​ឃុន ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ចំណែក​សេចក្តីរាយការណ៍​រឿងនេះ គឺ​សមត្ថកិច្ច​ទើប​ទទួលបាន​ថ្មីៗ​នេះ ព្រោះ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ និង​គេច​រួច​នោះ ទើប​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​។
​លោក​ថា​៖ «​ខ្ញុំ​ឈរជើង​នៅ​ច្រក​អានសេះ​នេះ ២៤​ម៉ោង តែ​មិន​បានដឹង​រឿងនេះ​ភ្លាមៗ​ទេ ដោយសារ​វា​កើតឡើង​នៅ​ខេត្ត​ស៊ីសាកេត​ហើយ​មកទល់ពេលនេះ សាកសព​អាច​នឹង​រលួយ​អស់ហើយ តែ​ប្រហែលជា​នឹងមាន​ក្រុមការងារ​ស្នើសុំ​យក​សព​នោះមក​វិញ​»​។​

​លោក ជា គឹម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនរងគ្រោះ បាន​រាយការណ៍​ព័ត៌មាន​នេះ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​មិនបាន​រាយការណ៍​មក អាជ្ញាធរ ឲ្យ​បានដឹង​ជាមុន​នោះទេ​។​

តាម​របាយការណ៍​រប​ស់​ប៉ូលិស បុរស​ទាំង​៣​នាក់ ដែល​ទាហាន​ថៃ​បាញ់​ស្លាប់ រួមមាន​ឈ្មោះ គឹ​ត យ៉េត អាយុ ៣៤ ឆ្នាំ មកពី​ខេត្តព្រះវិហារ កឿ រី​ណា អាយុ ៣៤​ឆ្នាំ មកពី​ខេត្តកំពង់ស្ពឺ និង​ឈ្មោះ ថា អាយុ ៣២​ឆ្នាំ មកពី​ខេត្តកំពត​។ ចំណែក បុរស​ដែល​របួសធ្ងន់​នោះ ឈ្មោះ កូវ បៀ អាយុ ៣៣​ឆ្នាំ រស់នៅ​ខេត្តព្រះវិហារ បច្ចុប្បន្ន ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​។​

មិនអាច​សុំ​ការបំភ្លឺ​ពី​ជនរងគ្រោះ កូវ បៀ ឬ​ក្រុមគ្រួសារ​បានទេ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា លោក​បានឮ​ព័ត៌មាន​នេះហើយ​កំពុង​ទំនាក់ទំនង​ជាមួយ​កុងស៊ុល​កម្ពុជា ប្រចាំ​ប្រទេស​ថៃ ដើម្បី​បញ្ជាក់​ពី​ការពិត និង​សិក្សា​ពី​ដើមហេតុ​នៃ​រឿងនេះ មុននឹង​ពិចារណា​លើ​វិធានការ​ផ្លូវច្បាប់ ដែល​នឹងត្រូវ​ធ្វើឡើង​។

លោក​ថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​ដើមហេតុ​សិន​ថា​តើ​កើតឡើង​ដោយ​របៀប​ណា ព្រោះ​ពាក្យ​ថា បាញ់​ស្លាប់ ពេលខ្លះ មិនមែនជា​កំហុស​អ្នកបាញ់​ទាំងស្រុង​ទេ កន្លងមក​អ្នកបាញ់ គេ​តែង​និយាយថា គេ​បាញ់​ដើម្បី​ការពារ​ខ្លួនគេ​ដែរ បើ​គេ​និយាយ​អ៊ីចឹង អាច​មានន័យថា ជនរងគ្រោះ​អាចមាន​អាវុធ បាន​គេ​បាញ់​ការពារ​ខ្លួន​»​។​

ម​ន្ក្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត ព្រះវិហារ លោក ឡោ ចាន់ បានដឹងថា ចរាចរ​ទិញ លក់​ឈើ​ប្រណីត​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ ដែលជា​កត្តា​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ហ៊ាន​ប្រឈម​គ្រោះថ្នាក់ លួច​ចូលទៅ​ថៃ ដើម្បី​កាប់​ឈើ​លក់​។ «​ពេលខ្លះ​អ្នក​ដែល​ចូល​ទៅនោះ អាចមាន​សំណាង​ត្រឡប់មកវិញ​លក់​ឈើ​ល្អ​បាន​ប្រាក់​ច្រើន តែ​ខ្លះទៀត ត្រូវ​ក្រុម​ទាហាន​ថៃ​ឈុតខ្មៅ ឲ្យ​តែ​ឃើញ​គឺ​បាញ់សម្លាប់​តែម្តង​»​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​កម្ពុជា ថៃ​លើក​ទី​៩​កាលពី​ថ្ងៃទី ៦ ខែមករា​ភាគី​ថៃ​បាន​យល់ព្រម​ជាថ្មីទៀត​ឈប់​ប្រើ​អាវុធ​បាញ់ប្រហារ​ពលរដ្ឋ ខ្មែរ ប៉ុន្តែ​ការសន្យា​នេះ​គេ​មិនឃើញ​ភាគី​ថៃ​យកទៅអនុវត្ត​ទេ​៕ postkhmer

mn55ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចូល​ទៅ​កាប់​ឈើ​នៅ​ថៃ ពី​ឆ្នាំ​មុន