នាំ​ប្រុស​​ចូល​បន្ទប់​ជួល​ទាំង​ថ្ងៃ ប្តី​តាម​ទាន់​ប្តឹង​នគរបាល​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ឲ្យ​បុរស​សហាយស្មន់​ដឹក​ចេញពី​រោងចក្រ​ទៅកាន់​បន្ទប់​ផ្ទះ ជួល​មួយកន្លែង ដែល​នាង​ស្នាក់នៅ ខណៈនោះ​ត្រូវបាន​ម្ចាស់​ផ្ទះជួល​ឃើញ ហើយ​ទូរស័ព្ទ​ប្រាប់​ប្ដី​របស់​នាង មក​មើលឃើញ​នាង​កំពុង​ស្ថិតនៅក្នុង​បន្ទប់ ជាមួយ​បុរស​ម្នាក់​នោះ ក៏បាន​យក​សោ​ចាក់​ពី​ខាងក្រៅ​ជាប់ ហើយ​ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ឲ្យ​ចុះមក​ឃាត់ខ្លួន យកទៅ​សាកសួរ ដើម្បី​រក​ខុសត្រូវ​តាម​នីតិវិធី​។ ហេតុការណ៍​នេះ​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ប្រពន្ធ​ឈ្មោះ វី ធីតា អាយុ​ប្រហែល​២៣​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ​កាត់ដេរ​ស្នាក់នៅ​ជាមួយ​ប្ដី ក្នុង​បន្ទប់​ផ្ទះជួល​ខាងលើ ចំណែក​បុរស​ជា​ប្ដី ឈ្មោះ ម៉ម សំណាង អាយុ​២៤​ឆ្នាំ ហើយ​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នោះ រៀបការ​ជាមួយគ្នា​ត្រឹមត្រូវ​តាមច្បាប់ និង​មានកូន​ម្នាក់​នៅក្នុង​បន្ទុកគ្រួសារ​។ ដោយឡែក ជនសង្ស័យ​ជា​ប្រុស​សហាយស្មន់​ឈ្មោះ សិ​ក ធឿន អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង សង្កាត់​ភ្លើង​ឆេះ​ទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​បុរស​ជា​ប្ដី​បាន​និយាយថា ប្រពន្ធ​របស់ខ្លួន និង​ជនសង្ស័យ​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​ជាមួយគ្នា ហើយ​អ្នក​ទាំងពីរ មាន​ស្នេហា​លួចលាក់​យូរ​មកហើយ​។ អ្នកធ្វើការ​នៅក្នុង​រោងចក្រ ជាមួយគ្នា​តែង​និយាយប្រាប់​ខ្លួន​ថា ប្រពន្ធ​ខ្លួន និង​បុរស​នោះ​មាន ភាពស្និទ្ធស្នាល​ខុសធម្មតា ដោយ​ឃើញ​ជនសង្ស័យ​តែងតែ​ដឹក​ប្រពន្ធ​ខ្លួន ចេញពី​ធ្វើការ និង​ទៅធ្វើ​ការ​រៀងរាល់ថ្ងៃ​ថែមទៀត​ផង ប៉ុន្តែ ពេលនោះ​ខ្លួន​មិនបាន​ជឿ​នោះឡើយ​។​
​លុះដល់​ថ្ងៃកើតហេតុ​ខាងលើ ខណៈ​ចេញ​ហូបបាយ​ថ្ងៃត្រង់ ប្រពន្ធ​របស់ខ្លួន និង​ជនសង្ស័យ បាន​ដឹក​គ្នា​ចេញពី​រោងចក្រ​ទៅកាន់​ផ្ទះជួល ហើយ​បាននាំគ្នា​ចូលទៅ​សម្ងំ នៅក្នុង​បន្ទប់ និង​បាន​បិទទ្វារ​ជិត ដោយ​បានឃើញ​ទង្វើរ​មិន​គប្បី ម្ចាស់​ផ្ទះជួល​បានខ​ល​ប្រាប់ ទើប​ខ្លួន​ទៅ​មើលឃើញ ពួកគេ​កំពុង​ស្ថិតនៅក្នុង​បន្ទប់​ជាមួយគ្នា ក៏បាន​ចាក់សោរ​ទ្វារ​ពី​ខាងក្រៅ រួច​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោមចៅ ចុះទៅ​ចាប់ខ្លួន​តែម្ដង​។​
​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយថា ប្ដី​បាន​ចោទប្រកាន់​នាង​ទាំងស្រុង តាមពិត​នាង និង​ឈ្មោះ សិ​ក ធឿន គ្រាន់តែ​ជា​មិត្តភក្ដិ​តែប៉ុណ្ណោះ ហើយ​នៅពេល​កើតហេតុ នាង​មិនមែន​នៅក្នុង​បន្ទប់​២​នាក់​ទេ គឺ​នៅក្នុង​បន្ទប់​នោះ​មាន​គ្នា​ចំនួន​៣​នាក់ ដែល​ក្នុងនោះ​មាន​រូបនាង បុរស​ជាប់ចោទ រួម​និង​ប្អូនស្រី​របស់​នាង​ម្នាក់ទៀត​។ ប៉ុន្តែ​ខណៈពេលដែល​ប្ដី​នាង ទៅ​មើល​ឃើញតែ​នាង និង​បុរស​នោះ​មិន​បានឃើញ​ប្អូនស្រី​នាង​ទេ ព្រោះ​នាង​បាន​ចូលទៅ​ងូតទឹក នៅក្នុង​បន្ទប់ទឹក​ទើប​ប្ដី​នាង​មើលមិនឃើញ ហើយ​ថា​នាង​នៅតែ​២​នាក់ ទើប​ចោទថា​មាន​សា​ហាយ​ស្មន់ និង​បាន​យក​សោរ​ចាក់​ទ្វារ​ពី​ខាងក្រៅ រួច​ហៅ​នគរបាល​ឲ្យ​ចុះទៅ​ចាប់ខ្លួន​ពួកនាង​តែម្ដង​។​
​ក្រោយពេល​កើតហេតុ នគរបាល​បានធ្វើ​កិច្ចសន្យា​ឲ្យ​ពួកគេ​បញ្ឈប់​ការ​ក្បត់​ក្រុមគ្រួសារ​តទៅទៀត បន្ទាប់មក​បាន​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន ហើយ​ពួកគេ​សុទ្ធតែ​បាន​ប្រកាន់​ជំហរ​ថា និង​លែងលះគ្នា​ឈប់​យកគ្នា​ជា​ប្ដី​ន្រ​ពន្ធ​ទៀតហើយ​៕

fn-2017-03-19-17-31-18-1fn-2017-03-19-17-31-18-0