ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ស្រាវ ជ្រាវរកឃើញ​ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​បារាំង​តាម​ផែនការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2015 ក+ ក-

​ភ្នំ​ពេ​ញះ​ប្រតិភូ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ​យក​ឯកសា​រ​នៅ​ប្រទេស​បារាំង ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​បានបញ្ចប់​ហើយ​។​
​សេចក្ដីប្រកាស​ព័ត៌មាន របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះផ្សាយ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឲ្យ​ដឹងថា ក្នុង​ដំណើរ​ស្រាវជ្រាវ​រក​ឯកសារ​នៅ​ប្រទេស​បារាំង​នោះ ជា​លទ្ធផល​បាន​ស្រាវជ្រាវ​រកឃើញ​ឯកសារ និង​ផែនទី​សំខាន់ៗ​មួយចំនួន ទៅតាម​ផែនការ​របស់ខ្លួន ដែល​បាន​គ្រោងទុក​។ ក្នុងនោះ​មានដូចជា ព្រះរាជសារ​របស់​សម្ដេច​ព្រះ​ន​រោ​ត្ដម សីហនុ ផ្ញើជូន​រដ្ឋាភិបាល​បារាំង កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ផ្សេងៗ រវាង​បារាំង​-​វៀតណាម កំណត់ហេតុ​ប្រជុំ​រដ្ឋសភា បារាំង​ក្នុងការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ កំណត់ហេតុ​ចរចា ព្រមទាំង​លិខិត​ឆ្លើយឆ្លង​សម្ងាត់​ជាច្រើន ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​។​

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ស្រាវជ្រាវ​នេះ​។ លោក​មានប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង កាលពី​ថ្ងៃទី​១៣ កុម្ភៈ ថា ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដែល​ក្រុម​លោក​បាន​រកឃើញ​នៅ​ប័ណ្ណ​សារ​ដ្ឋា​ន​ជាតិ​បារាំង ក្នុង​ខេត្ត​អេស​ង់​ប្រូ​វ៉ង់ (Aix-En-Provence) ហើយ​ដែល​ក្រុម​លោក​ចង់ដឹង​ចង់ឃើញ​នោះ មាន​មិនតិចជាង​៤​ពាន់​ទំព័រ​ឡើយ​។​

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់ថា ឯកសារ​ទាំងអស់នោះ កំពុង​រក្សាទុក ក្នុង​ប័ណ្ណ​សា​រដ្ឋា​ន​ជាតិ​បារាំង​នៅឡើយ រង់ចាំ​ការប៉ាន់ប្រមាណ​តម្លៃ ដើម្បី​ថតចម្លង​។ លោក​ថា តាម​ការ​ឲ្យ​ដឹង​ពី​អ្នកទទួលខុសត្រូវ​បណ្ណាល័យ ការថត​ចម្លង​ក្នុង​១​ទំព័រ តម្លៃ ២.៥០​អឺរ៉ូ ឬ​ប្រមាណ ២.៨០ ដុល្លារ សម្រាប់​គុណភាព​ធម្មតា ប៉ុន្តែ​សម្រាប់​គុណភាព​ល្អ​វិញ តម្លៃ​ជិត​១៧​អឺរ៉ូ ឬ​ប្រមាណ​២០​ដុល្លារ ឯណោះ​ក្នុង​១​ទំព័រ​៖ «​យើង រកឃើញ​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​គេ​ថតចម្លង​ឲ្យ​យើង ហើយ​ថតចម្លង​នោះ​គឺ​ថ្លៃ​ណាស់ អញ្ចឹង​យើង​ជួប​បញ្ហាលំបាក​ណាស់ ហើយ​នៅក្នុង​ហ្នឹង​ពេល ដែល​យើង​ទៅ​ស្រាវជ្រាវ​នោះ គឺ​គេ​មិន​ឲ្យ​យើង​យក សូម្បីតែ​ប៊ិច​ក៏​ចូល​មិនបាន​ផង គេ​ឲ្យ​ខ្មៅ​ដៃ​របស់គេ ក្រដាស​ស​របស់គេ ហើយ​បើ​យើង​ថត​វិញ គឺ​មិន​ច្បាស់​ទៀត យើង​ចង់​ឲ្យ​គេ​ជួយ​ថតចម្លង​ឲ្យ​យើង តែបើ​ថត ចម្លង​វា​ថ្លៃ​»​។​

​លោក ថាច់ សេដ្ឋា បញ្ជាក់ថា ខាង​ប័ណ្ណ​សា​រដ្ឋា​ន​ជាតិ​បារាំង ត្រូវការ​ពេលវេលា​មួយ​សប្ដាហ៍​ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​តម្លៃ​ថតចម្លង​។ យ៉ាងណាក៏ដោយ លោក​ថ្លែង​ហាក់​ដោយ​អស់​សង្ឃឹមថា បើ​ការថត​ចម្លង​នោះ​មានតម្លៃ​ខ្ពស់​ពេក ប្រតិភូ​លោក​ប្រហែលជា​គ្មាន​ប្រាក់​ដើម្បី​ទទួលយក​នោះទេ​។ ប៉ុន្តែ លោក​ថា ប្រសិនបើ​ក្នុង​ដំណើរ​លើក​ទី​១​នេះ ក្រុម​លោក​មិនមាន​លទ្ធភាព​យក​ឯក​សារ បាន​ទាំងអស់​នោះទេ លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ដើម្បី​ធ្វើដំណើរ​ស្រាវជ្រាវ​នៅពេល​ក្រោយៗ​ទៀត​។​

​ដំណើរ​ស្វែងរក​ឯកសារ​របស់​ស​ហគ​មន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្មែរក្រោម ក្នុងការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ដែល​មន្ត្រីការទូត​វៀត​ណា​ម​បាន​និយាយ​បំភ្លៃ កាល​ខែមិថុនា ឆ្នាំ​២០១៤​។​

​លោក ថាច់ សេដ្ឋា ធ្លាប់បាន​បញ្ជាក់ថា យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ នឹង​នៅ​ធ្វើ​បន្តទៀត​។ យ៉ាងណាក៏ដោយ លោក​អះអាងថា លោក​ចង់បាន​ឯកសារ​មកដល់​ដៃ​ជាមុនសិន​។ លើសពីនេះ លោក ថាច់ សេដ្ឋា មានជំនឿថា ឯកសារ​ទាំងអស់នេះ​ក៏​នឹង​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​រៀនសូត្រ​កាន់តែច្បាស់​ថែមទៀត អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​។​
​លោក ថាច់ សេដ្ឋា ក៏​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​យក​ឯកសារ​ទាំងនេះ ទៅ​តម្កល់​នៅ​ក្រសួង​អប់រំ ឬ​រាជបណ្ឌិតសភា​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​វា​ទៅក្នុង​កម្មវិធីសិក្សា​ជាតិ​៕rfa

mn63​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា (​លើកដៃ​) ដឹកនាំ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំទោស​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤​។