លោកប៉ា​សុជាតិ​វង្ស​៖ បឹងត្របែក​៧០​ភាគរយ ត្រូវបាន​គេ​រំលោភ​យក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិ បាលរាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ បាន​ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ចុះ​ពិនិត្យមើល​ស្ថានភាព បឹងត្របែក ជាក់ស្តែង ដើម្បី​មាន​វិធានការ​បន្តទៀត​។​លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែងថា បឹងត្របែក​ដែលជា​អាង​ស្តុ​ប​ទឹក​ដ៏​សំខាន់​មួយ មាន​ផ្ទៃក្រឡា​ទំហំ​ប្រមាណ​២៦​ហិកតា ត្រូវបាន​គេ​រំលោភ​យក​អស់​ប្រមាណ ៧០​ភាគរយ​។​

​លោក បន្តថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បានកំណត់​នូវ​គោលការណ៍​ជាក់លាក់​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​បងប្អូន​ដែលជា​អ្នករំលោភ​យក​បឹង​នេះ ដើម្បី​ស្តារ​បឹងត្របែក សម្រាប់ យក​ធ្វើជា អាង​ស្តុក​ទឹក កុំ​ឲ្យ​ជន់​លិច​ទីក្រុង​ភ្នំពេញ នៅ​រដូវវស្សា​។​

​លោក ប៉ា សុជាតិ​វង្ស បាន​បន្តទៀតថា ការរំលោភ​យក​បឹងត្របែក​នេះ​គឺមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ណាស់​ទៅដល់​គម្រោង​ឆ្លើយតប​ទៅនឹង​ការលិចលង់​ទីក្រុង​ភ្នំពេញ ដោយសារ​ទឹកភ្លៀង​។ ទីក្រុង​ភ្នំពេញ ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​ដោះស្រាយ​បញ្ហា​លិចលង់​នេះ មាន​ផ្នែក​ខាងលិច ឆៀង​ខាងជើង ដែលមាន​ស្ថានីយ​បូមទឹក​នៅ​កប់​ស្រូវ និង​ទួល​សំពៅ​។ ចំណែក​នៅ​ផ្នែក​ខាងកើត​ឆៀង​ខាងជើង មាន​ស្ថានីយ​បូមទឹក​នៅ​បឹងត្របែក​ជាមួយនឹង​បឹងទំពុន​។ ឥឡូវនេះ អាង​ស្តុក​ទឹក​បឹងត្របែក ដែលមាន​ផ្ទៃក្រឡា រហូតដល់​ទៅ​២៦​ហិកតា មានការ​រំលោភ​ប្រមាណ​ជា ៧០​ភាគរយ ឯ​៣០​ភាគរយ​ទៀត ដោយសារ​អាជ្ញាធរ​មិនបាន​ស្ការ បាន​បណ្ដាល​ឲ្យ​គោក រាក់ បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​បោះបង្គោល និង​ចាក់ដី​លប់​ដើម្បី​បញ្ជាក់​អំពី​ការកាន់កាប់ ផ្ទៃ​បឹងត្របែក ដែល​អាជ្ញាធរ​រក្សាទុក​។​

លោក​បាន​និយាយថា ស្ថានភាព នេះ គ្រោះថ្នាក់​ណាស់ ព្រោះ​បើសិនជា​ទីក្រុង​ភ្នំពេញ បាត់បង់​នូវ​អាង​ចម្រោះ​ទឹក​អាង​ស្តុក​ទឹក​បឹងត្របែក ប្រមាណ​ជាង​២៦​ហិកតា​នេះ វា​នឹងរង​ផលប៉ះពាល់​លិច​រហូត​ទៅដល់​វិមានឯករាជ្យ និង​ព្រះបរមរាជវាំង រួមទាំង​ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌចំការមន ដែល​ពឹងពាក់​នូវ​ស្ថានីយ​បឹងត្របែក​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​ផ្ញើ​សារ​ជូន​បងប្អូន​ដែល​រស់នៅ​ទីនេះ​ជាច្រើនលើក ជា​ច្រើនសារ​រួចមកហើយ ដែល​ពាក់ព័ន្ធ​នៅ​តំបន់​បឹងត្របែក​នេះ និង​មាន​សេចក្តីបញ្ជាក់​របស់​អភិបាលខណ្ឌ​ចំការមន​ពី​គម្រោង​ស្តា បឹងត្របែក​នេះ​។ ជាទូទៅ សូម​ឲ្យ​បងប្អូន​បញ្ឈប់​ការឈាន​ទៅកាន់​កាប់​គ្រប់គ្រង​បឹង ពង្រីក​ផ្ទៃដី និង​គ្រប់គ្រង​ការកាន់កាប់​របស់​ពួកគាត់​តទៅទៀត ហើយ​បញ្ឈប់​ការចាក់ដី​ចូល​បឹង និង​សង់​ជា​ខ្ទម​ផ្ទះ​សម្រាប់​ជួល​។

ឥឡូវនេះ ទុក​ស្ថានភាព​នេះ​ឲ្យ​នៅ​ដដែល​សិន ដោយ​រង់ចាំ​អាជ្ញាធរ​ធ្វើការ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ ហើយ​អាជ្ញាធរ​នឹងធ្វើ​កិច្ច​សហការគ្នា រៀបចំ​ឲ្យ​តំបន់​នេះ ពីព្រោះ​តំបន់​នេះ​មិនមែន​សម្រាប់​ឲ្យ​បងប្អូន​រស់នៅ​តែឯង​នោះទេ វា​មាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល​។ បើ​កន្លែង​នេះ​ដោះស្រាយ​មិនបាន មានន័យ​ស្មើនឹង​យើង​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​លិច​ទឹក​។ អីចឹង​អ្នកទីក្រុង​ទាំងអស់ គេ​មិន​សុខចិត្ត​ជាមួយ​អ្នក​ដែល​ធ្វើ​បាត់​ផលប៉ះពាល់​នូវ​តំបន់​នេះ​ទេ​។​

លោក​បាន​បញ្ជាក់ថា បងប្អូន​មាន​សិទ្ធិ​ធ្វើការ​តវ៉ា បងប្អូន​មាន​សិទ្ធិ​សម្ដែង​មតិ ដើម្បី​មាន​កន្លែង​ស្នាក់នៅ ប៉ុន្តែ​មិន​អាចមក​រំលោភ​យក​បឹង​នេះ​បានឡើយ រំលោភ​យក​អាង​ស្តុក​ទឹក​នេះ​បានឡើយ ប៉ុន្តែ​កាលណា រំលោភ​បានធ្វើ​ទឹក​លិច​ភ្នំពេញ​។ ដល់​ទឹក​លិច​ភ្នំពេញ អ្នក​ដទៃទៀត គេ​ក៏មាន​សិទ្ធិ​តវ៉ា​ជាមួយនឹង​ការកាន់កាប់​ខុសច្បាប់​របស់​បងប្អូន​នៅ តំបន់​បឹងត្របែក​នេះដែរ​។ អីចឹង​បញ្ហា ត្រូវតែមាន​ការសម្របសម្រួល​មួយ ដើម្បី​ដោះស្រាយ ដោយ​មិន​ប្រើ​រយៈពេល​យូរ​ឡើយ ដោយ​សាលា​រាជធានី​កំណត់​ជាគោលការណ៍​មួយ​ច្បាស់លាស់ ថា​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំងអស់នេះ ត្រូវ​សម្របសម្រួល​បែបណា​? ហើយ​យើង​នឹង​អញ្ជើញ បងប្អូន​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយគ្នា៕mn79mn78