ប្រពន្ធ​លោក​មេភូមិ​ចាញ់ល្បែង​យក​រថយន្ត​ទៅ​បញ្ចាំ​ត្រូវ​ប្ដី​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ប្រពន្ធ​របស់លោក​ហេង មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេងល្បែង​ចាញ់ អស់​លុយ​ហើយ​រហូត​ជំពាក់​គេ​ទៀត ក៏បាន​យក​រថយន្ត​១​គ្រឿង​ម៉ាក់​ហាយ​លែ​ន​ឌឺរ ទៅ​ដាក់បញ្ចាំ ក្នុងតម្លៃ​៦​ពាន់​ដុល្លារ​ដើម្បី យកលុយ​ទៅលេង​ល្បែង​ស្ដារ​ដើម ប៉ុន្តែ​បែរជា​រឹតតែ​ចាញ់​ថែមទៀត រហូត​គ្មាន​លុយ​ទៅ​លស់​យក​រថយន្ត​មក វិញ​ក៏​ត្រូវបាន​បុរស​ជា​ប្ដី ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​ចោមចៅ កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧ ប៉ុន្តែ​មិនបាន​បញ្ជាក់ថា ត្រឹម​ការអប់រំ​ឬក៏​ចាត់ការ​តាមច្បាប់​ឡើយ​។​
​សមត្ថកិច្ច​បង្ហើប​ប្រាប់​អោយបាន​ដឹងថា ស្ត្រី​រូបនោះ ឈ្មោះ ធា អាយុ​៣២​ឆ្នាំ​មានកូន​៣​នាក់ ជា​ប្រពន្ធ​លោក លឹម សម្បត្តិ ហៅ​ហេង មេភូមិ​ព្រៃ​ព្រីង​១ មាន​ទីលំនៅ​ក្នុងភូមិ​ព្រ​ព្រី​ខាងត្បូង​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បាន​យក​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ទៅ​ដាក់បញ្ចាំ​នៅ​កាស៊ីណូ​ណាហ្គា ក្នុងតម្លៃ​៦​ពាន់​ដុល្លារ បន្ទាប់ពី​លេង ល្បែង​បៀរ​នៅក្នុង​កាស៊ីណូ​មួយ​នោះ​ចាញ់​អស់​គូទ​ខោ​។​
​ស្ត្រី​រូបនោះ​បាន​និយាយថា មូលហេតុ​ដែល​នាង​យក​រថយន្ត​ទៅ​បញ្ចាំ គឺ​ព្រោះតែ​ចាញ់ល្បែង នាង​បាន​ទៅ លេងល្បែង​នៅកាស៊ី​ណូ​ណាហ្គា ប៉ុន្តែ​មុន​និង​ទៅលេង​ល្បែង​ទីនោះ ដោយសារតែ​គ្មាន​លុយ​ចាយ​គ្រប់គ្រាន់ នាង​បាន​ជំពាក់​លុយ​គេ ហើយ​គ្មាន​លុយ​សម្រាប់​សង​គេ ក៏បាន​ទៅលេង​ល្បែង​ក្រែ​បាន​លុយ​សង​គេ ប៉ុន្តែ​មិន​នឹកស្មានថា កាន់តែ​លេង​កាន់តែ​ចាញ់​សោះ រហូត​ជំពាក់​គេ​ថែមទៀត​។ ទើប​នាង​សម្រេចចិត្ត​យក រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​ទៅ​ដាក់បញ្ចាំ​យកលុយ​លេងល្បែង​ក្នុង​បំណង​ស្ដារ​ដើម តែ​ស្ដារ​មិន​រួច បាន​ចាញ់​អស់ ហើយក៏​ត្រូវបាន​លោក​ប្ដី​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​បែបនេះ​តែម្ដង​៕

17792997_1857176024520959_2098563000_n