ក្តីសង្ឃឹម​ចុងក្រោយ​របស់​អ្នកទោស ប្រហារជីវិត​ជនជាតិ​បារំាង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2015 ក+ ក-

​ឥណ្ឌូណេស៊ី : ក្តីសង្ឃឹម​ចុង​ក្រោយ​អាច​នឹង​មាន​ចំពោះ​អ្នកទោស​ជនជាតិ​បារំាង​លោក Serge Atlaoui។  ​​លោក Serge Atlaoui ដែល​ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី​កាត់ទោស​ប្រហារជីវិត​កាល​ពី​ឆ្នំា ២០០៥ ពី​បទ​រត់ពន្ធ​គ្រឿងញាន។ តែ​លោក​ធ្លាប់​បាន​ចេញ​មុខ​ប្រកាស​ថា លោក​មិន​បាន​ប្រព្រឹត្ត​រឿង​រត់ពន្ធ​គ្រឿងញាន​អ្វី​ទេ។ កន្លង​មក លោក Serge Atlaoui ធ្លាប់​បាន​សុំ​ការ​លើកលែង​ទោស​ពី​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​យូកូ វីដូដូ តែ​ត្រូវ​បាន​លោក​វីដូដូ​បដិសេធ។ ឥឡូវ​នេះ តុលាការ​ឥណ្ឌូណេស៊ី​បាន​យល់ព្រម​យក​សំណុំរឿង​របស់​លោក Serge Atlaoui ទៅ​ពិនិត្យ​មើល​ឡើង​វិញ។

គេ​នៅ​ មិន​ទាន់​ដឹង​ទេ​​ថា តើ​ជោគវាសនា​របស់​លោក Serge Atlaoui នឹង​មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ម៉េច​ទេ អ្វី​ដែល​គេ​អាច​និយាយ​បាន​គឺ​ថា ការ​ដែល​តុលាការ​ទីក្រុង​ហ្សាការតា​បាន​យល់ព្រម​លើក​យក​សំណុំរឿង​របស់​គាត់​ ទៅ​ពិនិត្យ​មើល​ឡើង​វិញ​ពេល​នេះ អាច​ជា​ក្តីសង្ឃឹម​ចុង​ក្រោយ​មួយ​ដើម្បី​ឲ្យ​លោក​គេច​ផុត​ពី​ការ​ប្រហារ​ ជីវិត​នៅ​ថ្ងៃ​ខាង​មុខ។ លោក Richard Sedillot មេធាវី​ការពារ​លោក Serge Atlaoui បាន​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​យល់​ឃើញ​ថា មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​នឹង​សម្រាលទោស​លោក Serge Atlaoui បាន នោះ​តុលាការ​ទីក្រុង​ហ្សាការតា​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឲ្យ​ តុលាការកំពូល ហើយ​ពេល​នោះ គឺ​តុលាការកំពូល​ជា​អ្នក​សម្រេចចិត្ត​ចុង​ក្រោយ​ថា​ត្រូវ ឬ​មិន​ត្រូវ​បន្ធូរបន្ធយ​ទោស​លោក Serge Atlaoui។

យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ដំណឹង​ថ្មី​មួយ​ដែល​លោក Serge Atlaoui បាន​ប្រកាស​ទទួល​យក​យ៉ាង​ប្រយ័ត្នប្រយែង ដោយ​មិន​ទាន់​ហ៊ាន​ទះដៃ​សាទរ​នៅ​ឡើយ​ទេ។ លោក​មេធាវី Richard Sedillot បាន​អះអាង​បន្ថែម​ថា កូនក្តី​របស់​លោក​កំពុង​ព្រួយបារម្ភ​ជា​ពន់ពេក តែ​នៅ​មាន​ស្មារតី​ក្លាហាន​ដដែល និង​ថា លោក Serge Atlaoui បាន​ទទួល​ទោសប្រហារ​ជីវិត​ពី​បទជួញដូរ​គ្រឿងញាន​នៅ​ឥណ្ឌូណេស៊ី​ដែល​ជា​ ប្រទេស​មួយ​មាន​ច្បាប់​តឹងតែង​ខ្លំាង​ណាស់​ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿងញាន។ សម្រាប់​លោក​មេធាវី នេះ​ជា​សំណុំរឿង​មួយ​ដែល​ពិបាក​ដោះស្រាយ តែ​គេ​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច។

កាល​ពី​ថ្ងៃ​អង្គារ ទី១៧ កុម្ភៈ​កន្លង​ទៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង លោក​ប្រមុខ​ការទូត​បារំាង Laurent Fabius បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចំា​ក្រុង​ប៉ារីស​ឲ្យ​ចូល​ជួប។ នៅ​ក្នុង​ជំនួប​នោះ លោក Laurent Fabius បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ពី​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​ បារំាង​ចំពោះ​លោក Serge Atlaoui។ គឺ​ប្រហែល​ជា​នៅ​ក្រោយ​ជំនួប​នោះ​ហើយ​ដែល​តុលាការ​ឥណ្ឌូណេស៊ី​បាន​យល់ព្រម​ លើក​យក​សំណុំរឿង​លោក Serge Atlaoui មក​ពិនិត្យ​ឡើង​វិញ​ពេល​នេះ។

គួរ​រម្លឹក​ជូន​ថា ក្រៅ​ពី​អ្នកទោសប្រហារជីវិត​ជនជាតិ​បារំាង ក៏​នៅ​មាន​អ្នកទោស​ប្រហារជីវិត​ជនបរទេស​ផ្សេង​ទៀត​នៅ​ឥណ្ឌូណេស៊ី ពិសេស​ជនជាតិ​អូស្រា្តលី​ពីរ​នាក់​ដែល​កំពុង​រង់ចំា​ថ្ងៃ​ព្យួរ ក។ ថ្មីៗ​នេះ រដ្ឋាភិបាល​អូស្រ្តាលី​ក៏​បាន​ព្រមាន​សងសឹក​ឥណ្ឌូណេស៊ី​វិញ បើ​រដ្ឋអំណាច​ឥណ្ឌូណេស៊ី​ហ៊ាន​សម្លាប់​ជនជាតិ​អូស្រា្តលី​ទំាង​ពីរ​នោះ៕

mn87អ្នកទោសប្រហារជីវិត​ជនជាតិ​បារំាង លោក Serge Atlaoui ក្នុង​ប្រទេស​ឥណ្ឌូណេស៊ីREUTERS/Beawiharta