អ្នកនាំពាក្យ​ប៉េអឹម​បំភ្លឺ​ជុំវិញ​ការ ចោទប្រកាន់​រឿង​កាត់លុយ​ពលទាហាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2015 ក+ ក-

ភ្នំពេញ​៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ បាន បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ពី​សំណាក់​ក្រុម​បណ្តាញ​សង្គម Facebook ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហុង វី​ណុល នាយ​ស្នងការ នៃ​ស្នងការដ្ឋាន​ព័ត៌មាន​សន្តិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កាត់លុយ​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ក្នុង​ម្នាក់ៗ ចំនួន​ពី​១២​ម៉ឺន ទៅ​១៣​ម៉ឺន​រៀល​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ថា ថ្មីៗ​នេះ មានការ​ចុះផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook ដោយ​ចោទប្រកាន់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហុង វី​ណុល នាយ​ស្នងការ នៃ​ស្នងការដ្ឋាន​ព័ត៌មាន​សន្តិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថា បាន​កាត់លុយ​ពលទាហាន នៃ​កងរាជអាវុធហត្ថ​ក្នុង​ម្នាក់ៗ ចំនួន​ពី​១២​ម៉ឺន​ទៅ​១៣​ម៉ឺន​រៀល​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រូបនោះ បានធ្វើ​ការបំភ្លឺ ដើម្បី​ជៀសវាង​មានការ​ភ័ន្តច្រឡំ​ជា​សាធារណៈ​សាធារណៈ​មកលើ​ថ្នាក់ដឹកនាំ នៃ​កងរាជអាវុធហត្ថ ដែល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ដល់​ជីវភាព និង​សុខភាព​រស់នៅ​របស់​ព​ល​ទាហាន ហើយ​បែរជា​ទទួល​នូវ​ការវាយប្រហារ​យ៉ាង​អយុត្តិធម៌​។​

​លោក ខេង ទី​តូ បាន​បញ្ជាក់ថា ចំពោះ​ការចុះផ្សាយ​ទាំងនោះ គឺជា​ព័ត៌មាន​និយាយ​បំផ្លើសការពិត ដែល​អ្នក​និយាយ​នោះ មិនបាន​យល់​អំពី​នីតិវិធី នៃ​ការគ្រប់គ្រង​កងកម្លាំង​។ លោក​បាន​បញ្ជាក់ថា ប្រាក់​ដែល​ត្រូវបាន​កាត់​នោះ គឺជា​ប្រាក់​ហូប ឬ​ប្រាក់​ម្ហូប​មិនមែនជា​ប្រាក់បៀវត្ស​ទេ​។

តាម​គោល​របប​រដ្ឋ ប្រាក់​ម្ហូប​ម្នាក់ បានកំណត់​ក​ក្នុង​មួយថ្ងៃ ចំនួន​៤២០០​រៀល (​ខែ​ខ្លះ ២៨​ថ្ងៃ ឬ​៣០​ថ្ងៃ និង​៣១​ថ្ងៃ​)​។ ពលទាហាន​ចល័ត នៃ​កងរាជអាវុធហត្ថ គឺជា​កងកម្លាំង​អន្តរាគមន៍ ដែល​ត្រូវ​ស្នាក់នៅ និង​ហូបបាយ​រួម នៅក្នុង​បន្ទាយ ដើម្បី​គ្រប់គ្រង​វិន័យ ហ្វឹកហាត់ អប់រំ និង​ប្រមូល​កម្លាំង សម្រាប់​ត្រៀម​ប្រតិបត្តិការ ដូច្នេះ​ប្រាក់​ម្ហូប ត្រូវបាន​បង្វិល​បញ្ចូល​ទៅក្នុង​រោង​បាយ ដើម្បី​ទិញ​ម្ហូប និង​ចម្អិន​ឲ្យ​កងកម្លាំង នៃ​កង​អន្តរាគមន៍​ចល័ត ហូប​រួមគ្នា រីឯ​ទាហាន ដែល​មិនបាន​ស្នាក់នៅ និង​ហូបបាយ​រួម នៅក្នុង​បន្ទាយ គឺជា​ទាហាន​មិន​គោរព​វិន័យ ឬ​ទាហាន​សេរី​។​

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា តាម​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ហាម​ដាច់ខាត មិន​អនុញ្ញាត​ឲ្យ​មេបញ្ជាការ​អង្គភាព​កងរាជអាវុធហត្ថ​ណាមួយ កាត់​ប្រាក់ខែ​ពី​កងកម្លាំង​របស់ខ្លួន​ណា​ម្នាក់​ឡើយ ទោះបី​ជាការ​កាត់​នោះ ក្នុង​គោលបំណង​មនុស្សធម៌ ឬ​ទិញ​សម្ភារៈ​បន្ថែម​ក្តី មេបញ្ជាការ ដែល​ល្មើ​សនឹង​បទបញ្ជា នឹងត្រូវ​ទទួលទោស ទៅតាម​បទ​វិន័យ​ទូទៅ នៃ​កងយោធពល​ខេមរភូមិន្ទ​៕

mn88អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ​