សមត្ថកិច្ច​រុញ​ដាក់គ្នា ករណី​ខ្មាន់កាំភ្លើង​ដេញ​បាញ់​ជាងសំណង់​នៅ​ស្រុក​វ៉ឺ​ន​សៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2017 ក+ ក-

​រតនគិរី​៖​នៅ​ថ្ងៃ​ចូលឆ្នាំ​ដំបូង ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៧ ជនរងគ្រោះ ជា​បងថ្លៃ មានទំនាស់​ពាក្យសម្ដី ជាមួយ​បងស្រី​របស់​ខ្មាន់កាំភ្លើង ជា​លក្ខណៈ​ជីវិត​ប្ដី​ប្រពន្ធ នៅក្នុង​ឃុំ​កា​ចូ​ន ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី​។
​ក្រោយ​ទំនាស់​ពាក្យសម្ដី ជាមួយ​ប្រពន្ធ ជនរងគ្រោះ ឈ្មោះ ពលៈ ក៏​ឡើង​ម៉ូតូ​ចេញពី ផ្ទះ​ម្ដាយក្មេក​នេះ សំដៅទៅ​លំនៅ​របស់ខ្លួន នៅ​ក្រុង​បាន​លុង ចំងាយ​រាប់សិប​គីឡូ ដោយ​កូនស្រី​របស់ខ្លួន ក៏​រត់ឡើង​ម៉ូតូ តាម​ខ្លួន​ដែរ​។​
​បន្តិចក្រោយមក ប្អូនថ្លៃ​ឈ្មោះ អ៊ា​ត កេង ជា​ទាហាន និង​បក្ខពួក​ជិះឡាន ម៉ូតូ ដេញតាម​ពីក្រោយ រហូតដល់​ទាន់​ចំណុច​ស្ងាត់​មួយ​។ ពេលនោះ ប្អូនថ្លៃ​ជា​ខ្មាន់កាំភ្លើង បាន​ដក​កាំភ្លើងខ្លី ភ្ជង់​ផ្ទប់​ក្បាល​ជនរងគ្រោះ និង​រុញច្រាន​ដើមទ្រូង ភ្ជាប់​ដោយ​សម្ដី​អាមឹង សំឡុត គំរាម​រក​បាញ់សំលាប់​។ គ្រានោះ កូនស្រី​របស់ ជនរងគ្រោះ ត្រូវជា​ក្មួយ​ជនល្មើស ផង​នោះ ក៏​ស្រែកយំ​ឡើង​។
​ប្រហែលជា​ជនល្មើស ខ្លាច​អ្នកដំណើរ ឆ្លងកាត់​ទីនោះ ឃើញ​ហេតុការណ៍ បូករួម​ទាំង​សម្រែក​យំ របស់​ក្មេងស្រី បានធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង បន្ថយ​សកម្មភាព​។
​ឃើញ​ឱកាស​ដកឃ្លា​បាន ជនរងគ្រោះ បាន​លើក​កូនស្រី​របស់ខ្លួន ជិះ​ម៉ូតូ​គេចខ្លួន​បន្ត ទៅផ្ទះ​មេឃុំ​មួយ តែ​មិនមែនជា​ឃុំ​កើតហេតុ​ទេ​។
​លោក​មេឃុំ​គណបក្ស​ប្រជាជន ដែលជា​ជនជាតិដើម បានការ​ពារ ឲ្យ​ផ្ទះ​ស្នាក់នៅ ដោយ​សុវត្ថិភាព និង​ព្រមទាំង​ជួយ​ទំនាក់ទំនង សមត្ថកិច្ច​ឲ្យ​ជនរងគ្រោះ ដាក់ពាក្យ​ប្ដឹង​ថែមទៀត នៅ​ថ្ងៃ​បន្តបន្ទាប់​។​
​នៅ​រសៀល​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៧ ដោយ​មិន​ចង់​រំខាន​លោក​ឃុំ ប្រកបដោយ ព្រហ្ម​វិហារធម៌​យូរ ជនរងគ្រោះ បាន​លា​ទៅ​ទី​រួម​ខេត្ត​វិញ តែ​ដោយ​ផ្លូវ​ឆ្ងាយ​ជាង ៥០ គីឡូ និង​ស្ងាត់ អមដោយ​ព្រៃ​ផង​នោះ ជនរងគ្រោះ ក៏​ហៅ​បងប្អូន ពី​ក្រុង​បាន​លុង ឲ្យ​មកជួយ​អមដំណើរ​ខ្លួន​ទៅ​។ ថយ​ការ​ភ័យ​បន្តិច នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ ជនរងគ្រោះ បាន​ទាក់ទង​លោក មេឃុំ​ចិត្តធម៌​នោះ ដើម្បី​ជួយ​ណែនាំ​ប្ដឹងផ្ដល់​។
​លោក​មេឃុំ បាន​ទាក់ទង​អធិការ​ស្រុក​វ៉ឺ​ន​សៃ​។ ទៅដល់​អធិការដ្ឋាន លោក​អធិការ​ថា ទៅប្ដឹង​ស្នងការដ្ឋាន នគរបាល​ខេត្ត​វិញ​។ ជនរងគ្រោះ បាន​ចេញមក​ក្រុង​បាន​លុង ឆ្ពោះទៅ​ស្នងការដ្ឋាន តែ​បាន​បន្តិច លោក​មេឃុំ ទូរស័ព្ទ​ហៅ​ត្រឡប់ ឲ្យ​ទៅប្ដឹង​ខាង​ប៉េអឹម​ស្រុក​វ៉ឺ​ន​សៃ​វិញ បើ​ខាង​នគរបាល មិន​ទទួល​ពាក្យ​។ ជនរងគ្រោះ ក៏​បក​ទៅ​ប៉េអឹម​ស្រុក​នោះ ជួប​មន្ត្រី និង​ទាក់ទង​ទៅ​មេ​ប៉េអឹម​ស្រុក តាម​ទូរស័ព្ទ​។ មេ​ប៉េអឹម ប្រាប់ថា មិន​អី​ទេ​ចាំ​លោក ស្រាវជ្រាវ ទៅផ្ទះ​សិន​ចុះ​។​
​មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧ ជនរងគ្រោះ មិន​អស់ចិត្ត ព្រោះតែ​មិនទាន់មាន សមត្ថកិច្ច​ណា​ទទួល ពាក្យ​ប្ដឹង​ជា​លាយលក្ខណ៍អក្សរ ខ្លួន​បាន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ពេលនោះ នគរបាល​ខេត្ត ប្រាប់ថា ទៅប្ដឹង​ខាង​ប៉េ​អិ​ម​វិញ ព្រោះ​ខ្មាន់កាំភ្លើង ជា​ទាហាន​។ ជនរងគ្រោះ មិន​បង្អង់​បាន​ទំនាក់ទំនង ទៅខាង​ប៉េអឹម​ខេត្ត​។ ជួប​ប៉េអឹម​ម្នាក់ គាត់​ក៏បាន​ប្រាប់​ឲ្យ ទៅខាង​ទទួល​ផែន​។ ខាង​ទទួល​ផែន​ព្រហ្មទណ្ឌ បានទទួល​ពាក្យ​ប្ដឹង​ផ្ទាល់មាត់ របស់​ជនរងគ្រោះ និង​ជួយ​សរសេរ​ពាក្យ​ប្ដឹង​នេះ រួច​ឲ្យ​ជនរងគ្រោះ ផ្ដិតមេដៃ​។
​ជនរងគ្រោះ សង្ឃឹមថា អាវុធហត្ថ​ខេត្ត នឹង​ចាត់​នីតិវិធី ដូចជា ទូរស័ព្ទ​ហៅ​ខ្មាន់កាំភ្លើង ឲ្យ​ចូលខ្លួន ចេញ​លិខិត​កោះហៅ តាមរយៈ​ក្រុមគ្រួសារ និង​ចុងក្រោយ បញ្ជូន​សំណុំរឿង ទៅ​ស្ថាប័ន​អយ្យការ ឲ្យ​ចាត់​ការបន្ត​។​
​បើតាម​ឳ​ពុក​ជនរងគ្រោះ បាន​ទូរស័ព្ទ​ទៅ​ជួយ​ជនល្មើស ជនល្មើស​ប្រាប់ ទទួលស្គាល់ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ដូចខាងលើ​មែន​។ ខ្មាន់កាំភ្លើង ប្រាប់​ឳ​ពុក​ជនរងគ្រោះ តាម​ទូរស័ព្ទ​ថា ទោះយ៉ាងណា គេ​មិនបាន​បាញ់ មួយ​គ្រាប់​ណា​ទេ គឺ​គ្រាន់តែ​គំរាម​បំភ័យ ជនរងគ្រោះ​ជា​បងថ្លៃ កុំ​ឲ្យ​ទាស់​ជាមួយ​ប្រពន្ធ ដែលជា​បងស្រី របស់ខ្លួន​ទៀត​៕