រាជធានីភ្នំពេញ៖យុវជនម្នាក់ដែលជាពលករខ្មែរ ទៅបម្រើការ ងារជាកម្មករសាងសង់នៅឯខេត្តប៉ាក់ធុមថានី ត្រូវបានក្រុម តម្រួតថៃតាមចាប់ខ្លួនរហូតដល់ស្រុកអារញ្ញប្រាក់ថេតបន្ទាប់ពីយុវជនរូបនេះ បានសម្លាប់ស្ត្រីម្នាក់ដែលជាថៅកែស្រីរបស់ ខ្លួន ដោយសារតែគំនុំផង និងចង់បានទ្រព្យសម្បត្តិរបស់ស្ត្រី នោះផង ។ យោងតាមរបាយការណ៍ដែលយើងទទួលបានគឺបានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣ ទៀបភ្លឺ មានករណីឃាតកម្មមួយបានកើតឡើងធ្វើអោយមានការច្រួលច្របល់ពីសំណាក់ប្រជាពលរដ្ឋដោយពួកគេមានការភ័យខ្លាច គឺហេតុការណ៍នេះបានកើតនៅក្នុងស្រុកខ្លងហ្លួង ខេត្ត ប៉ាក់ធុមថានី ប្រទេសថៃ ។
ក្រោយពីមានការចុះត្រួតពិនិត្យរបស់ក្រុមតម្រួតថៃរួចមក គេ បានអះអាងថា ជនរងគ្រោះគឺជាស្ត្រីដែលមាននាទីគ្រប់ គ្រងការងារកសាងផង និងត្រូវជាភរិយារបស់អនុប្រធាន ស្ថានីយ៍អយៈស្ម័យានខេត្ត ប៉ាក់ធុមថានីផងដែរ ។ ដោយឡែកមុខសញ្ញាសង្ស័យ ក៏ត្រូវបានកំណត់រួចជាស្រេច ហើយក្រុមតម្រួតក៏បានផ្តល់ជាសញ្ញាទៅកាន់ស្ថានីយ៍តម្រួតនៅឯស្រុកខ្លងលឹក និងស្រុកអារញ្ញប្រាក់ថេត ដើម្បីត្រៀម ស្កាត់ចាប់មុខសញ្ញាដែលអាចធ្វើដំណើររត់គេចខ្លួនវិលទៅរកស្រុកកំណើតរបស់គេវិញ ។
ទីបំផុតនៅវេលាម៉ោង១០ យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៧ កំលាំងតម្រួតបានចាប់ខ្លួនឃាតករនៅត្រង់ចំណុច ចំណតរថយន្តក្រុងអារញ្ញប្រាក់ថេត ខណៈដែលគេកំពុងចុះ ពីរថយន្តក្រុងខ្សែបាងកក អារញ្ញ ដោយជននេះមានឈ្មោះ ធី ភេទប្រុសអាយុ២៩ឆ្នាំ ជាកម្មករកសាងនៅក្នុងទីតាំងថៅកែ ស្រីដែលគេសំលាប់នោះតែម្តង ។
ក្រោយពីបាននាំខ្លួនយកទៅសាកសួរ ជនសង្ស័យដែលជា ពលករខ្មែរបានសារភាពថា ផ្ទះរបស់ថៅកែស្រីនោះខ្លួនធ្លាប់ បានចេញ ចូល ដូចផ្ទះខ្លួនឯងប្រមាណ៣ឆ្នាំមកហើយ ដោយ សារតែខ្លួនជាកម្មករកសាងអោយថៅកែស្រីរូបនោះ ។
ប៉ុន្តែ នៅពេល៣ថ្ងៃមុននេះខ្លួនត្រូវបានថៅកែស្រីបណ្តេញឲ្យឈប់ធ្វើការដោយសារតែគាត់បានដឹងថាខ្លួន ប្រើប្រាស់ថ្នាំញៀន ដោយសារបញ្ហានេះ ហើយទើបធ្វើអោយខ្លួនមានគំនុំ ព្រម ទាំងមានគំនិតលោភលន់ ចង់បានទ្រព្យសម្បត្តិរបស់គាត់ផង ទើបបានជាខ្លួនលបចូលទៅក្នុងបន្ទប់សំលាប់ថៅកែស្រី ហើយប្រមូលទ្រព្យសម្បត្តិទាំងនោះឡើងរថយន្តក្រុង ដើម្បីត្រឡប់ទៅកម្ពុជាវិញ តែត្រូវចាប់ខ្លួនបាន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានញ្ជូនទៅកាន់ខេត្តប៉ាក់ធុមថានីវិញហើយដែលជាកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរបន្ត ព្រម ទាំងអោយធ្វើត្រាប់ឡើងវិញផង ហើយទុកអោយច្បាប់ជាអ្នកសម្រេច៕(ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ )