ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ផ្ទះក្បឿងចំនួន២ខ្នងត្រូវបានដួលរលំនិងមនុស្សប្រុសស្រី៣នាក់រងរបួសស្រាលនិងធ្ងន់ ខណៈមេឃភ្លៀងស្រិចៗលាយឡំនិងខ្យល់កន្ត្រាក់ខ្លាំងៗបណ្តាលឲ្យដួលរលំសង្កត់ពីលើតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុនោះគឺមានពពកខ្មៅពេញផ្ទៃមេឃហើយមានភ្លៀងធ្លាក់ស្រិចលាយឡំនិងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗមួយសន្ទុះក្រោយមកឃើញផ្ទះរងគ្រោះខាងលើដួលរលំនិងមនុស្សនៅក្នុងផ្ទះបណ្តាលឲ្យសង្កត់តែម្តង។ ប្រភពដដែរបានឲ្យដឹងទៀតថា មានករណីខ្យល់កន្ត្រាក់បណ្តាលអោយដួលរលំផ្ទះ២ខ្នងសង់ពីឈើប្រក់ក្បឿងទំហំ៧ម៉ែត្រគុណ៧ម៉ែត្រដែលមានម្ចាស់ផ្ទះឈ្មោះងយ សុភាព ប្រុសអាយុ៣៧ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ។ ប្រភពបញ្ជាក់ថា ករណីខាងលើនេះដែរបណ្ដាលអោយមនុស្សរងគ្រោះចំនួន៣នាក់ស្រី១នាក់រងរបួសធ្ងន់២នាក់ហើយអ្នករងគ្រោះទាំង៣នាក់នោះទី១មានឈ្មោះ ព្រំ សាវន់ ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅ ភូមិ ម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសបាក់កជើងខាងស្ដាំបែកក្បាលដេរ៤ថ្នេរបួសធ្ងន់។ ទី២.ឈ្មោះ គង់ សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិអណ្ដូងខ្មត់ ឃុំសំបួរ ស្រុករមាសហែក រងរបួសបាក់ចង្កេះរបួសធ្ងន់ និងទី៣.ឈ្មោះ កាន សុធីតា ភេទស្រី អាយុ៥ឆ្នាំ កូនម្ចាស់ផ្ទះរបួសពកចិញ្ចើមរបួសស្រាល រួមនិងខូចខាតសម្ភារះមួយចំនួនផងដែររួមមាន៖ម៉ូតូ២គ្រឿង អង្ករ១០តៅ ស្រូវ៨បាវ និងសម្ភារះមួយចំនួនទៀត។
ក្រោយពីកើតហេតុការណ៍គ្រោះធម្មជាតិនេះឃើញមានអាជ្ញាធរដែនដីប្រជាពលរដ្ឋមកជួយរុសរើផ្ទះដែលត្រូវរងគ្រោះ និងគ្រូពេទ្យយករថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យនៅជិតមូលដ្ឋានផងដែរ៕
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ២ខ្នង និងរបួស៣នាក់នៅស្រុករមាសហែក