ហ្វីលីពីន៖នៅក្នុងប្រតិបត្តិការតាមផ្លូវអាកាស និងតាមផ្លូវគោករយៈពេល៣ថ្ងៃរបស់យោធាហ្វីលីពីន នៅលើកោះភាគខាងត្បូងប្រទេសបានសម្លាប់ពួកបះបោរ៣៦នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាមព្រមទាំងដណ្ដើមបានមូលដ្ឋានពួកបះបោរផងដែរ។
ការវាយប្រហារគ្នាថ្មីនេះ ដែលបានកើតឡើងនៅលើកោះមិនដាវណាវ ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលទាហានឡោមព័ទ្ធមូលដ្ឋានពួកឧទ្ទាមមួយ ដែលការពារទៅដោយទាហានប្រហែល ១៥០នាក់។
ឧត្ដមសេនីយ៍យោធាហ្វីលីពីនលោក Roland Bautista និយាយថា កម្លាំងសន្តិសុខហ្វីលីពីនភាគច្រើនជាគ្រីស្តបរិស័ទ បានប្រយុទ្ធជាមួយពួកបះបោរបំបែកខ្លួនមូស្លីមអស់រាប់សតវត្សរ៍មកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចខិតខំកសាងសន្តិភាព បាននាំទៅរកការកាត់បន្ថយការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមធំៗ ប៉ុន្តែ ក្រុមបះបោរតូចៗ បែរជាបង្កើនការវាយប្រហារទៅវិញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
មេបញ្ជាការកងទ័ពលោកឧត្ដមសេនីយ៍ Roland Bautista បញ្ជាក់ថា ទាហានដណ្ដើមបានមូលដ្ឋានដ៏សំខាន់របស់ពួកបះបោរ និងបំផ្លាញពួកបះបោរយ៉ាងធំធេង ប៉ុន្តែមានទាហានរដ្ឋាភិបាលតែ ៣នាក់ប៉ុណ្ណោះដែលរងរបួស៕