ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែតកាលពីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ប្រភពបន្តថា ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ប្រភពបញ្ជាក់ថា ការបញ្ជូនកម្មករខ្មែរមកវិញនេះ អាជ្ញាធរថៃក៏បានជូនដំណឹងមកភាគីកម្ពុជា ហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។
បើតាមការឲ្យដឹងពីក្រុមពលករថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕