ខែល​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​ត្រូវបាន​បញ្ជូន​ដល់ទី​តាំង​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2017 ក+ ក-

​កូរ៉េខាងត្បូង​៖​សម្ភារៈ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ត្រូវបាន​គេ​ដឹកបញ្ជូន​ដល់ទី​តាំង​ដែល​ត្រូវ​ដាក់ពង្រាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ម្សិលមិញ​នេះ គ្រា​ដែល​កំពុងមាន​ភាព​តានតឹង ខ្លាំង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ដំណើរ​ទៅដល់​នៃ​រថយន្ត​សណ្ដោង​៦​គ្រឿង​ដែល​ដឹក​សម្ភារៈ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក នៅឯ​ទីតាំង​វាយ​កូន​ហ្គូ​ល​នោះ បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកស្រុក និង​ប៉ូលិស​ផងដែរ​។​
​ក្រុង​វ៉ា​ស៊ី​ង​តោន និង​ក្រុង​សេ​អ៊ូ​ល កំពុងតែ​ដាក់ពង្រាយ​ប្រព័ន្ធ THAAD ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ដែល​កំពុងតែ​ជំរុញ​កម្មវិធី​ផលិត​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន បើទោះបីជា​រង​ទណ្ឌកម្ម​ជាច្រើន​ពី​អង្គការសហប្រជាជាតិ​ក៏ដោយ​។ ប្រព័ន្ធ THAAD គឺជា​ប្រព័ន្ធ​តាម​ចាប់ និង​បំផ្លាញ​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​រយៈ​ចម្ងាយ​មធ្យម ក្រោយពី​វា​ត្រូវបាន​បាញ់​ចេញ​។​
​ជុំវិញ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ប្រទេស​ចិន​បាន​ជំទាស់​យ៉ាងខ្លាំង​ទៅនឹង​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ដោយ​បារម្ភ​ថា វា​នឹងធ្វើ​ឲ្យ​អន្តរាយ​ដល់​អំណាច​យោធា​របស់ខ្លួន​៕

1